អ្នកវិទ្យាសាស្ត្រគ្រោងនឹងបញ្ចេញវីដេអូសកម្មភាពនៃប្រហោងខ្មៅដ៏ធំមហិមារនាពេលឆាប់ៗ​នេះ

11921

បន្ទាប់ពីបានបញ្ចេញរូបភាពពិតជាក់ស្តែងរបស់ប្រហោងខ្មៅដ៏ធំមហិមារ (Supermassive Black Hole) ឲ្យមនុស្សនៅទូទាំងពិភពលោកបានមើល ឃើញជាលើកដំបូងរួចហើយនោះ ក្រុមការងារនៃគម្រោងបណ្តាញតេឡេស្កូប EHT (Event Horizon Telescope) នាពេលថ្មីៗនេះបានបង្ហើបឲ្យដឹងទៀតថា នាពេលឆាប់ៗខាងមុខ EHT នឹងអាចផលិតចេញជាឃ្លីបសកម្មភាពនៃប្រហោងខ្មៅនោះតែម្តង ។

ប្រហោងខ្មៅរបស់កាឡាក់ស៊ី M87 ពុំមែនជាប្រហោងខ្មៅដ៏ធំមហិមារតែមួយគត់ដែលក្រុមការងារ EHT កំពុងអង្កេត និងសិក្សានោះឡើយ ពីព្រោះថា ក្រុមនេះក៏បាននិងកំពុងសំឡឹងមើល សាជីតារៀស អេ (Sagittarius A*) ដែលជាប្រហោងខ្មៅយក្សនៅលាក់ពួនចំកណ្តាលកាឡាក់ស៊ី មីគី វ៉េ (Milky Way) ដែលយើងស្ថិតនៅផងដែរ ហើយក្រុម EHT គ្រោងនឹងបញ្ចេញរូបភាពដំបូងរបស់ប្រហោងខ្មៅនោះក្នុងពេលឆាប់ៗផងដែរ ។

សូមរំលឹកថា ក្រុមការងារនៃគម្រោងផ្កាយរណប EHT កាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញរូបថតទីមួយដែលមិនធ្លាប់មាន នៃប្រហោងខ្មៅដ៏ធំមួយជាប្រភេទ ស៊ូបភើម៉ាស់ស៊ីវ ប្លេក ហូល ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ីឈ្មោះថា អឹម៨៧ (Messier 87 ឬ M87) មានចម្ងាយជាង ៥០ លានឆ្នាំពន្លឺពីភពផែនដីយើង ។ ប្រហោងខ្មៅយក្សនេះ មានម៉ាសស្មើនឹងម៉ាសរបស់ព្រះអាទិត្យដល់ទៅ ៦.៥ ពាន់លានដង និយាយរួមគឺធំខ្លាំងមែនទែន ដោយមាត់ច្រកពេលវេលារបស់វាដែលជាផ្ទៃងងឹតពណ៌ខ្មៅនោះ លាតសន្ធឹងប៉ុន្មានប្រព័ន្ធសូឡារបស់យើងទាំងមូល ខណៈទំហំរបស់វាទាំងមូល (បូកទាំងកងភ្លើងព័ទ្ធជុំវិញ) គឺមានមុខកាត់ទំហំ ៦០ ឆ្នាំពន្លឺ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី