រាជរដ្ឋាភិបាល គាំទ្រការផ្ដល់ប្រាក់រង្វាន់ដល់កីឡាកាយវប្បកម្មជើងឯកពិភពលោក

25576
  • បន្ទាប់ពីកីឡាករកាយវប្បកម្មទទួលបានមេដាយមាសពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកនៅប្រទេសថៃ ក្រសួងអប់រំបានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកប្រាក់រង្វាន់ជូន (ទោះបីជាមកដល់ពេលនេះមិនទាន់ធ្លាក់ពីក្រសួងសេដ្ឋកិច្ចក្ដី) ។ ប៉ុន្តែមានការយល់ច្រឡំគ្នាបន្តិចបន្តួចអំពីកម្រិតនៃការប្រកួត និងការទទួលប្រាក់រង្វាន់។ ការភាន់ច្រឡំនេះ បណ្ដាលឱ្យសារព័ត៌មានមួយចំនួនចេញផ្សាយថា ក្រសួងអប់រំកិបកេងប្រាក់រង្វាន់កីឡាករ ១០០ លានរៀល ខុសពីការពិត ។

    ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវតាមគតិយុត្តិ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីបញ្ហានេះ។ ជាការឆ្នើយតប ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់ចុះថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ក្នុងស្មារតីគាំទ្រការអនុវត្តរបស់ក្រសួង ដោយខ្លឹមសារថា «របាយការណ៍ស្ដីពីការផ្ដល់ប្រាក់រង្វាន់ជូនជ័យលាភីនៃការចូលរួមប្រកួតលក្ខណៈអន្តរជាតិប្រចាំឆ្នាំ និងការផ្ដល់ប្រាក់រង្វាន់ជ័យលាភីកាយវប្បកម្មជើងឯកពិភពលោក រាជរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា [គ្រប់គ្រាន់ហើយ]»។

    ចំពោះខ្លឹមសាររបាយការណ៍ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ហង់ ជួន ណារ៉ុន ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនោះមានខ្លឹមសារថា «ករណីកីឡាកាយវប្បកម្មដែលទទួលបានមេដាយមាសពិភពលោក នៅប្រទេសថៃកន្លងមកនេះ ក្រសួងបានស្នើប្រាក់រង្វាន់ជូនជ័យលាភី និងគ្រូបង្វឹកតាមប្រកាសអន្តរក្រសួងលេខ ៧១៦ សហវ ប្រក ដែលបានកំណត់ក្នុងប្រការ ៦ ចំណុច ខ.១ ប្រាក់រង្វាន់ជ័យលាភីចំនួន ២០.០០០.០០០ (២០លាន) រៀល និងគ្រួបង្វឹកចំនួន ២០.០០០.០០០ (២០លាន) រៀល ប៉ុន្តែកីឡាករពុំពេញចិត្ត ចង់បាន ១២០.០០០.០០០ (១២០លាន) រៀល»…។ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ ក្រសួងបានអញ្ជើញប្រធានសហព័ន្ធ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករមកពន្យល់អំពីគោលការណ៍ស្នើសុំប្រាក់រង្វាន់ជាក់ស្ដែងរួចរាល់ ហើយគ្រូបង្វឹក និងកីឡាករក៏បានយល់ព្រមតាមការបំភ្លឺនេះផងដែរ…» ។

    យោងតាមប្រកាសអន្តរក្រសួង ស្ដីពី គោលការណ៍សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ ចេញថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៥ ចុះហត្ថលេខារួមគ្នាដោយឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ប្រការ ៦ ចំណុច «ខ» ស្ដីពី ប្រាក់រង្វាន់លើកទឹកចិត្ត កីឡាករ កីឡាការិនីជើងឯកតាមប្រភេទកីឡា (Championship) និង ចំណុច «ខ.១.» ស្ដីពី ការប្រកួតកីឡាជើងឯកពិភពលោក កំណត់ថា «មេដាយមាស» ផ្ដល់ប្រាក់រង្វាន់ជូន ១ នាក់ចំនួន«២០លានរៀល» ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី