ថៃ-ឡាវ នឹងចុះកិច្ចព្រមព្រៀងភ្ជាប់ផ្លូវដែកជាមួយគ្នាអំឡុងវេទិការខ្សែក្រវ៉ាត់និងផ្លូវ សប្តាហ៍ក្រោយ

17695

ថៃ នឹងចុះព្រមព្រៀងលើការភ្ជាប់ផ្លូវរថភ្លើងជាមួយ ឡាវ អំឡុងវេទិការខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅប្រទេសចិន នាសប្តាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី ២៣ មេសា នេះ ។ គម្រោងភ្ជាប់ផ្លូវដែករវាងក្រុង ណុង ឃៃ របស់ថៃ និង ក្រុងវៀងចន្ទរបស់ឡាវដែលត្រូវចុះហត្ថលេខារួមគ្នានេះ ក៏មានភាគីចិនចូលរួមផងដែរ ។

លោកស្រី Wilawan Mangklathanakul អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងអន្តរជាតិថៃបាននិយាយថា ការតភ្ជាប់នេះនឹងរួមមានទាំងការសាងសង់ស្ពាន ដើម្បីភ្ជាប់រវាងឡាវនិងចិនផងដែរ ។ កាលពីថ្ងៃទី ២២ អំឡុងសន្និសីទសារព័ត៌មានផ្តោតលើវេទិការខ្សែក្រវ៉ាត់និងផ្លូវ ដែលនឹងរៀបចំឡើងនាថ្ងៃទី ២៦ដល់ ២៧ មេសាខាងមុខ នៅប្រទេសចិននោះ លោកស្រី Wilawan ថា៖ ” ទោះបីជាគម្រោងផ្លូវរថភ្លើងផ្លូវល្បឿនលឿននៅប្រទេសថៃ និងឡាវមានការកំណត់កាលបរិច្ឆេតចុងក្រោយផ្សេងៗគ្នាក៏ដោយ អនុស្សារណៈកិច្ចសហប្រតិបត្តិការនេះគឺពិតជាគ្របដណ្តប់ទាំងស្រុងលើការតភ្ជាប់តំបន់ ” ។

រដ្ឋមន្ត្រីដឹកជញ្ជូនថៃ និង រដ្ឋមន្ត្រីដឹកជញ្ជូននិងកិច្ចការសាធារណៈរបស់ឡាវ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិរបស់ចិន នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់ផ្លូវដែកនេះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី