សហព័ន្ធខ្មែរកីឡាទោចក្រយាន បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រណាំងកង់ ២០១៩ នេះ ត្រូវបានចែកចេញជា ៥ ដំណាក់កាលផ្សេងគ្នា

25796
  • ព្រឹត្តិការណ៍កីឡាប្រណាំងកង់ ឆ្នាំ ២០១៩ នេះ ត្រូវបានចែកចេញជា ៥ ដំណាក់កាលផ្សេងគ្នា ដោយដំណាក់កាលទី១ ធ្វើនៅថ្ងៃទី ៥  ខែឧសភា នៅទីលាន សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ, ទី ២ នៅខេត្តកែប, ទី ៣ នៅខេត្តកំពង់ស្ពឺ, ទី ៤ នៅភ្នំប្រសិទ្ធ និងដំណាក់កាលទី ៥ ដែលជាជុំផ្តាច់ព្រ័ត្រនឹងត្រូវប្រកួត នៅភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នេះជាការបញ្ជាក់របស់ លោកឧកញ្ញ៉ា វង់ ខាន់ពៅ ក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកមិញ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។

    លោកអគ្គលេខាធិការ បន្ថែមថា គោលបំណងសំខាន់ នៃព្រឹត្តការណ៍នេះ ដើម្បីទាក់ទាញកីឡាករ កីឡាការិនី ក្នុងវិស័យកីឡាប្រណាំងកង់ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាបង្កើនកម្រិតគុណភាពបច្ចេកទេសរបស់ ពួកគេឲ្យកាន់តែល្អប្រសើរផងដែរ ។ ព្រឹត្តិការណ៍នេះដែរ ក៏ដើម្បីផ្សព្វផ្សព្វឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានស្វែងយល់អំពីការលេងកីឡាជិកង់ ដើម្បីសុខភាពល្អមាំមួន ដែលគោលដៅទាំងអស់នេះ គឺជាផែនការសកម្មភាពអភិវឌ្ឍវិស័យកីឡាប្រណាំងកង់ឲ្យកាន់តែរីកចម្រើន បើកាលណាមិនមានរៀបចំជាសកម្មភាពប្រចាំឆ្នាំនោះទេ នោះការអភិវឌ្ឍក៏មិនមានដែរ ។ លោក ឧកញ្ញ៉ា បញ្ជាក់ទៀតថា ក្រៅពីព្រឹត្តការណ៍នេះ សហព័ន្ធគ្រោងនឹងបង្កើតការប្រណាំងជាលក្ខណៈកំសាន្តទៅតាមរមណីដ្ឋានផ្សេងៗ ដើម្បីផ្សព្វផ្សាយពីគោលដៅអេកូទេសចរ និងបំផុសកីឡាប្រណាំងកង់ឱ្យទៅតាមបណ្តាខេត្ត ។ ហើយការប្រកួត Cambodia MTB Series ២០១៩ នេះ ក៏ជាសកម្មភាពជំរុញ និងលើកទឹកចិត្តកីឡាករ កីឡាការិនីថ្នាល ឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហ្វាត់ ដើម្បីត្រៀម Sea Game ២០២៣ នៅកម្ពុជា និងការប្រកួតជាលក្ខណៈអន្តរជាតិនានាផងដែរ ។

    សូមបញ្ជាក់ថា ការប្រកួត Cambodia MTB Series ២០១៩ ចែកចេញជា ៥ ដំណាក់កាលផ្សេងគ្នា ទៅតាមកម្រិត ដូចជាកម្រិត A1 , A2 និងកម្រិត B និងកម្រិតបើកទូលាយសម្រាប់មហាជនទូទៅ ។ ចំពោះការបង់ ថ្លៃចូលរួមប្រកួត គឺកម្រិត A1 មានតម្លៃពី ១៥ ដុល្លារដល់ ១០០ ដុល្លារ,កម្រិត A2 ពី ២០ ដុល្លារដល់ ៥០ដុល្លារ ហើយកម្រិត B1-B2 មានតម្លៃពី ១០ ដុល្លារដល់ ៣០ ដុល្លារ និងកីឡាការិនីត្រូវបង់ថ្លៃពី ១០ ដុល្លារ ដល់ ២០ដុល្លារ ៕

    ដោយ៖ ពិទូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី