
មានការឧទ្ទិសដល់តារារូបវិទូល្បីឈ្មោះអងគ្លេសគឺលោក Stephen Hawking ជាច្រើន ក្រោយលោកទទួលមរណៈភាពកាលពីថ្ងៃអង្គារកន្លងទៅ ប៉ុន្តែមិនមែនរាល់ការឧទ្ទិសទាំងអស់សុទ្ធតែទទួលបានការបកស្រាយត្រូវនោះទេ ហើយមិនប្រាកដថាមានការពេញចិត្តពីមនុស្សគ្រប់គ្នានោះដែរ។
រូបវិទូ Hawking ដែលមានជំងឺប្រសាទធ្ងន់ធ្ងរម្យ៉ាងហៅថា Amyotrophic Lateral Sclerosis ដែលធ្វើឲ្យចុះខ្សោយកម្លាំងសាច់ដុំ និងប៉ះពាល់ធ្ងន់ធ្ងរដល់មុខងារកាយសម្បទារ នៅតែអាចក្លាយជារូបវិទូ លោកធាតុវិទូ សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅវិទ្យាសាស្ត្រ ដ៏ល្បីឈ្មោះម្នាក់ ។ លោកបានទទួលមរណៈភាពនៅថ្ងៃអង្គារ ក្នុងជន្មាយុ ៧៦ឆ្នាំ។ ដូចមនុស្សជាច្រើនទៀតដែរ តារាប្រេស៊ីលរូបនេះ បានសម្រេចចិត្តចូលរួមការរំលែកទុក្ខនៃការទទួលមរណៈភាពរបស់លោករូបវិទូរូបនេះដោយការបង្ហោះរូបនៅលើបណ្តាញសង្គម ប៉ុន្តែមានមនុស្សជាច្រើនយល់ថាវិធីដែលគាត់ជ្រើសរើសក្នុងការបង្ហាញនូវការចូលរួមរំលែកទុក្ខនេះ វាមិនទំនងសោះ។
កីឡាករ Neymar ដែលពេលនេះកំពុងសម្រាកព្យាបាលរបួសប្រអប់ជើងនោះបានបង្ហោះរូបថតនៅលើគណនី Twitter របស់ខ្លួនដោយបង្ហាញពីរូបគេអង្គុយញញឹមលើរទេះរុញអមនឹងរូបភាពនោះ រូបគេក៏បានដកស្រង់សម្តីរបស់លោករូបរិទូ ដែលបកប្រែជាភាសាព័រទុយកាល់ ដែលមានន័យថា “បុគ្គលម្នាក់ៗគួរត្រូវមានបុគ្គលិកលក្ខណៈវិជ្ជមាន ហើយត្រូវតែចេះគ្រប់គ្រងស្ថានការដែលខ្លួនកំពុងជួបប្រទះ” និងមានភ្ជាប់ឈ្មោះលោក Stephen Hawking។ ក្រោយការបង្ហោះសម្រង់សម្តីនេះរួចមក មានមនុស្សជាច្រើនបានចោទប្រកាន់លើកីឡាករ Neymar ថាបានយកការរបួសជើងបន្តិចបន្តួចទៅប្រៀបនឹងជំងឺប្រសាទដ៏ធ្ងន់ធ្ងររបស់លោក Stephen Hawking ហើយបានយកក៏ស្លាប់របស់លោករូបវិទូរូបនេះមកទាញការចាប់អារម្មណ៍លើរបួសរបស់ខ្លួនទៅវិញ។
បើទោះបីជាកីឡាករ Neymar ពិតជាមិនមានចេតនាយកការស្លាប់របស់លោករូបរិទូមកធ្វើជាចំណុចបង្កើតការចាប់អារម្មណ៍លើរូបគេក្តី ក៏ការបង្ហោះរូបមួយនេះហាក់ងាយនឹងធ្វើឲ្យមនុស្សម្នាយល់ច្រឡំណាស់ ៕
ដោយ៖ Dara Hunii