រន្ធត់ខ្លាំងណាស់!!! ក្មេងស្រីសិស្សសាលាម្នាក់ត្រូវបានរថភ្លើងបុកស្លាប់អំឡុងពេលពាក់កាសដើរឆ្លងផ្លូវ

6223

ក្មេងស្រីសិស្សសាលាម្នាក់ត្រូវបានបាត់បង់ជីវិតក្រោយពេលដែលត្រូវរថភ្លើងដឹកទំនិញបុក ខណៈពេលដែលខ្លួនកំពុងស្ដាប់តន្រ្តីពេលដើរឆ្លងផ្លូវកាត់ផ្លូវរថភ្លើងនោះ ។

យោងតាមសារព័ត៌មានក្នុងតំបន់ឱ្យដឹងថាក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់ដែលមិនបញ្ចេញឈ្មោះត្រូវបានរថភ្លើងបុកប៉ើងចម្ងាយជិត ២០ ម៉ែត្រនៅ ក្បែរស្ថានីយ Rahachow ប្រទេសបេឡារូស ខណៈពេលកំពុងដើរឆ្លងកាត់ផ្លូវរថភ្លើងដោយពាក់កាសស្ដាប់តន្រ្តី ។ ប្រភពផ្សេងទៀតឱ្យដឹងដែរថាក្មេងស្រីរងគ្រោះរូបនេះក៏កំពុងអានសារក្នុងទូរស័ព្ទពេលកើតហេតុផងដែរ ។ ចំណែកឯអ្នកបើកបររថភ្លើងឱ្យដឹងថាលោកបានព្យាយាមចាប់ហ្វ្រាំងរថភ្លើងដែរ ប៉ុន្ដែដូចអ្វីដែលគ្រប់គ្នាដឹងហើយថារថភ្លើងមិនអាច ឈប់ភ្លាមៗនោះទេ ។ អ្នកបើកបររូបនេះបន្ថែមថាលោកបានស៊ីផ្លេឱ្យក្មេងស្រីជៀសផ្លូវដែរ ប៉ុន្តែដោយសារនាងកំពុងពាក់កាសហើយស្ដាប់មិនលឺ ទើបធ្វើឱ្យរថភ្លើងមកដល់បុកតែម្ដង ។

យ៉ាងណាមិញក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះនៅមានជីវិតនៅឡើយនៅពេលដែលរថយន្ដសង្គ្រោះបន្ទាន់មកដល់កន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវបានរាយការណ៍ថាស្លាប់នៅមន្ទីរពេទ្យ Rahachow ។ ជាមួយគ្នាដែរអាជ្ញាធរក្នុងតំបន់បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់គោរពតាមច្បាប់ស្ដីពីសុវត្ថិភាពផ្លូវដែកដើម្បីជៀសវាងគ្រោះថ្នាក់ដូចនេះ ៕

ដោយ៖ រ៉ាយូ

ប្រភព :
Dailymail
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី