តោះទៅស្គាល់បុគ្គលទាំង ១០ រូបដែលជាមហាសេដ្ឋីវ័យក្មេងបំផុតនៅក្នុងពិភពលោក

127073
  • បើនិយាយអំពីមហាសេដ្ឋីប្រាក់វាល់លានប្រាកដជាមានមនុស្សមួយចំនួនគិតថាពួកគេសុទ្ធសឹងជាមនុស្សវ័យចាស់ៗដែលបានចំណាយពេលវេលាក្នុងជីវិតអស់ជាច្រើនដើម្បីកសាងមុខរបរឬការងារអ្វីមួយជាមិនខាន ។ យ៉ាងណាមិញបើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញថាក៏មានមហាសេដ្ឋីវ័យក្មេងជាប់ឈ្មោះក្នុងបញ្ជីរាយនាមជាមហាសេដ្ឋីប្រចាំឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ផងដែរ ដែលអ្នកទាំងនោះមានមួយចំនួនបានទទួលកេរ្តិ៍មរតកពីគ្រួសារ និងអ្នកខ្លះទៀតដោយសារអាជីវកម្មកសាងតាំងពីបាតដៃទទេរដោយខ្លួនឯង ។ ខណះខាងក្រោមនេះជាមហាសេដ្ឋីវ័យទាំង ១០ នៅលើលោក៖

    ១០/ លោក Lukas Walton វ័យ ៣០ ឆ្នាំ

    លោក Lukas Walton បានកើតនៅក្នុងឆ្នាំ ១៩៨៦ និងត្រូវជាចៅប្រុសរបស់លោក Sam Walton ស្ថាបនិកក្រុមហ៊ុន Wal-Mart ដ៏ល្បីឈ្មោះ ។ ដោយសារលោកជាកូនទោលតែម្នាក់ក្នុងគ្រួសារក្រោយពីឪពុករបស់លោក John T.Walton បានស្លាប់បាត់បង់ជីវិតដោយឧបទ្ទវហេតុធ្លាក់យន្តហោះបាត់ទៅលោក Lukas ក៏បានស្នងមរតកវាល់លានបន្តពីឪពុកដោយបានក្លាយទៅជាម្ចាស់ធនាគារ Arvest Bank First Solar និងក្រុមហ៊ុន Wal-Mart ផងដែរ ។ លោកក៏ត្រូវបានស្គាល់ថាអ្នកដែលចូលចិត្តធ្វើការវិនិយោគបំផុតថែមទាំងជាអ្នកស្នេហាជាតិទៀតផង ។

    ៩/ លោក Wang Han វ័យ ២៩ ឆ្នាំ

    លោក Wang Han គឺជាមហាសេដ្ឋីវ័យក្មេងដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Juneyao Air ដ៏ល្បីក្នុងប្រទេសចិនដែលទទួលបានកេរ្តិ៍មរតកពីឪពុករបស់លោក Wang Junyao ។ ក្នុងនាមជាអ្នកជំនួញដ៏អស្ចារ្យ និងជោគជ័យម្នាក់ក្នុងតំបន់អាស៊ី និងថែមទាំងជាស្ថាបនិកក្រុមហ៊ុន Juneyao Group ផងដែរនោះ លោក Wang Han បានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតដោយការវិនិយោគទៅលើ វិស័យម្ហូបអាហារ វិស័យអប់រំវប្បធម៌ និងទីផ្សារលក់រាយថែម ទាំងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនទំនិញដ៏ធំ Wuxi Commercial Mansion Grand Orient ផងដែរ ។

    ៨/ លោក Patrick Collision វ័យ ២៨ ឆ្នាំ

    លោក Patrick Collision គឺជាសហក្រិនជនជាតិអៀឡង់ និងជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Stripe ជាមួយប្អូនប្រុសបង្កើតគឺលោក John Collison ។ លោក Patrick បានកសាងក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ ២០១០ ហើយថែមទាំងធ្លាប់បានឈ្នះពានរង្វាន់ក្នុងកម្មវិធីតាំងពិព័រណ៍អ្នកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវ័យក្មេងក្នុងពេលលោកមានអាយុ ១៦ ឆ្នាំផងដែរ ។ សព្វថ្ងៃលោករស់នៅក្នុងរដ្ឋ San Francisco និងមានទ្រព្យសម្បត្តិប្រមាណ ១,១ ពាន់លានដុល្លារ ។ គួរឱ្យដឹងថាលោក Patrick កើតនៅក្នុងឆ្នាំ ១៩៨៨ ជាកូនច្បងក្នុងចំណោមបងប្អូន ៣ នាក់ និងមានប្រវត្តិជាក្មេងឆ្លាតវៃសិក្សាផ្នែកកំព្យូរទ័រតាំងពីអាយុ ៨ ឆ្នាំនៅសាកលវិទ្យាល័យ Limerick និងបានចាប់ផ្តើមរៀនសរសេរកម្មវិធីកំព្យូរទ័រនៅអាយុ ១០ ឆ្នាំ ។

    ៧/ លោក Bobby Murphy វ័យ ២៧ ឆ្នាំ

    លោក Bobby Murphy ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃកម្មវិធី Snapchat និងក្រុមហ៊ុន Snap Inc ដែលមានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់ ។ លោក Bobby បានបង្កើត Snapchat ដំបូងជាមួយមិត្តភក្តិរបស់គាត់គឺ Evan Spiegal នៅពេលដែលគាត់កំពុងសិក្សានៅសាកលវិទ្យាល័យ Stanford ។ ទ្រព្យសម្បត្តិប្រមាណ ៤,៨ ពាន់លានដុល្លារ ធ្វើឱ្យលោក Bobby ក្លាយទៅជាមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតលើលោក និងថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញទៀតផង ។

    ៦/ លោក Ludwig Theodor Braun វ័យ ២៦ ឆ្នាំ​

    លោក Ludwig Theodor Braun ត្រូវជាកូនប្រុសរបស់លោក Ludwig Georg Braun ដែលជាប្រធានក្រុមហ៊ុន Melsungen AG ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជាង ២៤ លានដុល្លារ ។ ក្រោយពីក្រុមហ៊ុនកាន់តែរីកចម្រើនបានក្លាយទៅជាក្រុមហ៊ុនផលិតបរិក្ខាពេទ្យ និងឧបករណ៍វេជ្ជសាស្រ្តដ៏ធំជាងគេដែលមានបុគ្គលិកបម្រើការជាង ៥៤,០០០ នាក់ ថែមទាំងមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៦,៥ ពាន់លានដុល្លារ រួចមក Ludwig Theodor Braun ក៏បានក្លាយទៅជាម្ចាស់ភាគហ៊ុន ១០% នៃមុខរបរអាជីវកម្មរបស់គ្រួសារ ហើយក៏បានក្លាយទៅជាមហាសេដ្ឋីវាល់លានទាំងនៅក្មេងផងដែរ ។

    ៥/ លោក John Collison វ័យ ២៦ ឆ្នាំ

    ដូចដែលបានរៀបរាប់ខាងលើលោក John Collison គឺជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Stripe ជាមួយនឹងបងប្រុសរបស់លោកគឺលោក Patrick ហើយអ្នកទាំងពីរបានគ្រប់គ្រងទ្រព្យសម្បត្តិជាង ២,២ ពាន់លានដុល្លាររួមគ្នាដែលជាហេតុធ្វើឱ្យលោកបានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងផងដែរ ។ គួរឱ្យដឹងផងដែរថាលោក John បានកើតនៅក្នុងប្រទេសអៀរឡង់ ហើយបន្ទាប់ពីក្រុមហ៊ុនរបស់លោកបានចាប់ដៃគូជាមួយក្រុមហ៊ុន Google ដែលដ៏ល្បីលោកក៏បានប្តូរទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Silicon Valley ។ ដោយលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard ដ៏ល្បីថែមទាំងជាតន្ត្រីករខាងព្យាណូ និងជាអ្នកបើកបរយន្តហោះទៀតផង ។

    ៤/ លោក Evan Spiegel វ័យ ២៦ ឆ្នាំ

    លោក Evan Thomas Spiegel កើតនៅក្នុងឆ្នាំ ១៩៩០ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Snap Inc ។ លោកធំឡើងនៅក្នុងរដ្ឋកាលីហ្វញ៉ា និងបានសិក្សានៅសាកលវិទ្យាល័យ Stanford ដែលជាទីកន្លែងដែលលោកបានជួបនឹងមិត្តសម្លាញ់លោក Bobby Murphy ដោយបានរួមដៃគ្នាបង្កើតកម្មវិធី Snapchat នេះឡើង ។ បន្ទាប់ពីទទួលបានជោគជ័យ និងទទួលបានប្រាក់ចំណេញរាប់ពាន់លាន Evan ក៏បានជាប់ឈ្មោះជាមហាសេដ្ឋីផងដែរ ។

    ៣/ លោក Gustav Magnar Witzoe វ័យ ២៥ ឆ្នាំ

    លោក Gustav Magnar Witzoe កើតនៅឆ្នាំ ១៩៩១ ហើយលោកទទួលបានកាដូដែលមានភាគហ៊ុនចំនួន ៤៧% នៃក្រុមហ៊ុន Salmar ASA ដែលជាក្រុមហ៊ុនផលិតត្រីសាម៉ុនធំជាងគេបំផុតរបស់លោក ។ ទោះបីជាក្រុមហ៊ុននៅតែដំណើរការ ហើយឪពុករបស់លោកនៅតែគ្រងគ្រងក្រុមហ៊ុននេះឱ្យមានដំណើរការល្អយ៉ាងណាក៏ដោយតែលោកបានព្យាយាមកសាងក្រុមហ៊ុនផ្សេងដោយខ្លួនឯងជាបន្តបន្ទាប់រហូតជាប់ឈ្មោះជាមហាសេដ្ឋីវាល់លានទាំងនៅក្មេងខ្ចីផងដែរ ។

    ២/ កញ្ញា Katharina Andresen វ័យ ២១ ឆ្នាំ

    Katharina Andresen បានក្លាយជាមហាសេដ្ឋីវ័យក្មេងនៅក្នុងឆ្នាំ ២០១៦ ដោយឪពុករបស់នាងបានផ្ទេរភាគហ៊ុន ៤២% ពីក្រុមហ៊ុន Ferd AS ទៅឱ្យនាង និងប្អូនស្រីរបស់នាង Alexandra ។

    ១/ កញ្ញា Alexandra Andresen

    Alexandra Gamleshauh Andresen កើតនៅក្នុងឆ្នាំ ១៩៩៦ ដោយនាងបានក្លាយទៅជាមហាសេដ្ឋីវាល់លានទាំងនៅវ័យក្មេងជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១,២ ពាន់លានដុល្លារ ។  នាងគឺជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់គឺលោក Johan H.Andresen JR ដែលជាម្ចាស់ក្រុមហ៊ុន Ferd AS ហើយគាត់បានផ្ទេរភាគហ៊ុនចំនួន ៤២ ភាគរយទៅឱ្យនាងនិងបងស្រីនាងម្នាក់ទៀតឈ្មោះ Katharina Andresen ។ បន្ថែមពីនេះ Alexandra Andresen នាងក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុងផ្នែកជិះសេះ និងជាតារាម៉ូឌែលផ្សព្វផ្សាយឱ្យក្រុមហ៊ុន Kingsland ផងដែរ ។ បើទោះបីជានាងគឺជាមហាសេដ្ឋីតែនាងគឺជាមនុស្សដែលសន្សំសំចៃនិងត្បិតត្បៀតលុយកាក់ជាទីបំផុតដោយសព្វថ្ងៃនាងជិះឡានចាស់មួយទឹកតែប៉ុណ្ណោះ ៕

    ដោយ៖ នីតា

    ប្រភព :
    forbes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី