បិទមិនបានប៉ុន្មានថ្ងៃផង ឥណ្ឌា សម្រេចបើកឱ្យប្រើប្រាស់ TikTok ឡើងវិញ តែខាតរាប់លានដុល្លារ

43260
  • កាលពីសប្តាហ៍មុនកម្មវិធីកម្សាន្ត TikTok ត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌា សម្រេចផ្អាកឱ្យលែងដំណើរការនៅលើ Store បន្ទាប់ពីរកឃើញថាមានចែកចាយមាតិកាមិនសមរម្យសម្របទៅនឹងការរិចរិលនៃវប្បធម៌ ប៉ុន្តែមកទល់ពេលនេះក៏ប្រកាសដាក់ឱ្យដំណើរការជាធម្មតាវិញហើយ ។ នេះបើយោងតាមរបាយការណ៍ពី Reuters និង CNN Business បានចុះផ្សាយ ។

    TikTok ដែលមានអ្នកប្រើប្រាស់ប្រចាំខែខ្ទង់ ១២០ លាននាក់ក្នុងប្រទេសឥណ្ឌាត្រូវបានផ្អាកមិនឱ្យស្វែងរកឃើញនៅលើកម្មវិធី App Store និង Google Play Store ។ ក្នុងដំណាក់កាលនោះក្រុមហ៊ុនមេ ByteDance ដែលជាអ្នកបង្កើតកម្មវិធីកម្សាន្តនេះឡើងបង្ហើបថាមានការខាតបង់ចំណូលខ្ទង់ ៥០០,០០០ ដុល្លារក្នុងមួយថ្ងៃៗអំឡុងពេលហាមប្រាមនេះ ។ តាមសេចក្តីថ្លែងការណ៍ចេញពីអ្នកនាំពាក្យរបស់ TikTok បានសាទរចំពោះការសម្រេចលើកលែងនេះថា៖ ” យើងពិតជារីករាយចំពោះការសម្រេចនេះ ហើយយើងជឿជាក់វាក៏ត្រូវបានសាទរខ្លាំងផងដែរពីបណ្តុំអ្នកប្រើប្រាស់ TikTok របស់យើងនៅប្រទេសឥណ្ឌា ដោយយើងក៏នឹងមានអំណរគុណជុំវិញឱកាសដើម្បីបន្តបម្រើដល់អ្នកប្រើឱ្យកាន់តែមានភាពល្អប្រសើរឡើង ” ។

    បញ្ជាក់ថាសព្វថ្ងៃ ឥណ្ឌា និងសហរដ្ឋអាមេរិក ជាតំបន់តែពីរគត់ដែលត្រូវបាន TikTok កំណត់ឱ្យអ្នកប្រើប្រាស់អាចចូលដំណើរការបានលុះត្រាពួកគេមានអាយុយ៉ាងតិចបំផុត 13 ឆ្នាំ ។ ក្រៅពីល្បីល្បាញនៅតំបន់អាស៊ីកម្មវិធីកម្សាន្តចែកចាយវីដេអូខ្នាតខ្លីនេះក៏លេចធ្លោខ្លាំងទាំងនៅចក្រភពអង់គ្លេស រុស្ស៊ី ម៉ិកស៊ីកូ និងប៉ាគីស្ថាន ជាដើម ៕

    ដោយ៖ ស្រស់

    ប្រភព :
    engadget
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី