ប្រមុខការទូតអាមេរិកសង្ឃឹមថា នឹងមានឱកាសច្រើនទៀតដើម្បីពិភាក្សាស្តីពីការដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងជើង

8961

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃពុធនេះថា បើទោះបីជាកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកជាមួយនឹងកូរ៉េខាងជើង ត្រូវទទួលការបរាជ័យ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែសង្ឃឹមថា នឹងមានឱកាសបន្ថែមទៀត ដើម្បីចរចាគ្នាស្តីពីវិធីសាស្រ្តក្នុងការដកអាវុធនុយក្លេអ៊ែរចេញពីទីក្រុងព្យុងយ៉ាង ។

លោក ប៉ុមប៉េអូ បានកត់សម្គាល់ទៀតថា លទ្ធផលចុងក្រោយនេះ គឺផ្តោតសំខាន់ ថាតើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសលោក ឬយ៉ាងណា ។ លោកបន្ថែមទៀតថា ភាគីទំាងពីរបានស្វែងយល់ពីគ្នាទៅវិញទៅមកជាច្រើន បន្ទាប់ពីជំនួបកំពូលជាលើកទី ២ រវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈ កន្លងទៅ ។

គួរបញ្ជាក់ផងដែរថា អនាគតនៃការភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយកូរ៉េខាងជើង ហាក់ដូចជាមានភាពស្រពិចស្រពិល ចាប់តំាងពីកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាម បញ្ចប់ដោយគ្មានសញ្ញានៃការទាក់ទងដោយផ្ទាល់រវាងភាគីទំាងពីរ បើទោះបីជាប្រមុខការទូតអាមេរិក រូបនេះ បានអះអាងថា ពួកគេបានពិភាក្សាពីរបៀបឆ្ពោះទៅកាន់ការរំសាយអាវុធនុយក្លេអ៊ែរ  ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី