កសិករដាំដំឡូងមី ព្រួយបារម្ភចំពោះការលូតលាស់ដំណាំនេះ ដោយសារទឹកភ្លៀងមិនទាន់គ្រប់គ្រាន់

30348
  • ប្រជាកសិករដែលប្រកបរបរដាំដុះដំឡូងមី នៅខេត្តព្រះវិហារ កំពុងព្រួយបារម្ភចំពោះការលូតលាស់ដំណាំប្រភេទនេះ ក្រោយពេលពួកគេបានដាំដុះជាបណ្តើរៗដោយសារនៅដើមរដូវវស្សាឆ្នាំនេះទឹកភ្លៀង មិនទាន់បានធ្លាក់គ្រប់គ្រាន់នៅឡើយ ធ្វើឲ្យដំណាំដំឡូងមី មិនសូវបានល្អ ។

    ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានឲ្យដឹងថា ខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងចាប់ពីដើមរដូវមកដល់ខែមេសា នេះ ប្រមាណជា ១០០ មីល្លីម៉ែត្រប៉ុណ្ណោះ ដែលកម្រិតនេះមិនទាន់ល្អសម្រាប់ដំណាំដំឡូងមី ឬដំណាំសណ្តែកបាយឡើយ ព្រោះសំណើមដីក៏មិនទាន់គ្រប់គ្រាន់ ។ លោកប្រធានមន្ទីរកសិកម្មបានបន្តថា ប្រសិនបើកសិករចាប់ផ្តើមដាំដុះពីពេលនេះទៅបារម្ភខ្លាច នៅពេល ២ ឬ ៣ សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ អាចធ្វើឲ្យដំណាំនេះងាប់ទៅវិញ ដោយរងចាំធ្លាក់ភ្លៀងឲ្យបានសើមដីល្អបន្តិចសិន ទើបចាប់ផ្តើមដាំដំណាំនេះ ព្រោះវាអាចឲ្យដំឡូងមី ឬសណ្តែកបាយលូតលាស់បានល្អ ។

    បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងឆ្នាំ ២០១៩ នេះបង្ហាញថា ផ្ទៃដីដាំដុះដំឡូងមី នៅទូទាំង ៨ ក្រុងស្រុក នៃខេត្តព្រះវិហារ មានប្រមាណ ២ ម៉ឺនហិតា បើធៀបនឹងឆ្នាំមុនកើនឡើងបន្តិច ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី