
Jurgen Klopp គ្រូបង្វឹករបស់ Liverpool បាននិយាយថា គាត់ពេញចិត្តនឹងធ្វើការប្រកួតជាមួយ Manchester City ក្នុងវគ្គប្រាំបីក្រុមចុងក្រោយនៅក្របខណ្ឌ UEFA Champions League នៅខែមេសាខាងមុខនេះ។ ក្រុមហង្សក្រហមត្រូវប៉ះជាមួយ Citizens (City) តាមរយៈការចាប់ឆ្នោតកាលពីថ្ងៃសុក្រនៅប្រទេសស្វីស។ ហើយនៅក្នុងបីប្រកួតផ្សេងទៀតនៃវគ្គប្រាំបីក្រុមចុងក្រោយ Juventus ត្រូវប៉ះជាមួយ Real Madrid, Sevilla ជាមួយ FC Bayern München ហើយ Barcelona ត្រូវជួបជាមួយ Roma ។
ការប្រកួតជើងទីមួយត្រូវបានគេកំណត់នៅថ្ងៃទី ៣ និង ៤ ខែមេសា ខណៈការប្រកួតជើងទីពីរនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ និង ១១ ខែមេសា។ Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវCity ក្នុងការប្រកួតជើងទីមួយនៅកីឡដ្ឋាន Anfield ។ Klopp និយាយថា ក្រុមរបស់គាត់នឹងត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីប្រឈមជាមួយក្រុមរបស់ Pep Guardiola ហើយពួកគេនឹងលេងជាមួយនឹងកម្លាំងចិត្តខ្លាំងបំផុតនៅក្នុងការប្រកួតនេះ ទោះបីជាដឹងថាមានឧបសគ្គដ៏ធំកំពុងរង់ចាំពួកគេក៏ដោយ។ Liverpool គឺជាក្រុមតែមួយគត់ដែលបានបំបាក់ Man City នៅក្របខណ្ឌ Premier League ឆ្នាំ ២០១៧/១៨ ក្នុងលទ្ធផល ៤-៣ កាលពីខែមករានៅក្នុងការប្រកួតមួយដ៏អស្ចារ្យ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ «ខ្ញុំបាននិយាយបែបនេះពីមុន ហើយវានៅតែពិតដដែល។ វាជារឿងធម្មតាទេនៅក្នុងការចាប់ឆ្នោតដែលអ្នកនឹងត្រូវប៉ះជាមួយក្រុមក្នុងស្រុករបស់អ្នក មិនថាតិច ឬច្រើនឡើយ ប៉ុន្តែនិយាយតាមត្រង់ទៅចុះ ខ្ញុំមិនខ្វល់ទេ»។
«វាដូចកាលពីមុនបេះបិទ យើងប្រឹងប្រែងជាមួយនឹងអ្វីដែលយើងមាន។ ឥឡូវនេះ ដល់វេន Manchester City ម្តង ដែលយើងត្រូវយកឈ្នះ»។
«យើងចាញ់ម្តង ហើយឈ្នះម្តងពេលលេងជាមួយពួកគេនៅក្នុងការប្រកួតនៅលីគ ហើយខ្ញុំមិនគិតថា ពួកគេធ្លាប់គិតពីមុនថានឹងអាចចាប់ឆ្នោតជួបជាមួយ Liverpool ទេ។ នោះជាសញ្ញាមួយសម្រាប់យើង ដែលបង្ហាញថាយើងខ្លាំងប៉ុនណា»។
«ពិតណាស់ថាយើងមិនមែនជាក្រុមដែលទំនងជាអាចឈ្នះនៅជុំនេះទេ ប៉ុន្តែនៅវគ្គ ៨ ក្រុមចុងក្រោយគឺមិនមានក្រុមដែលទំនងច្រើនទេ ប្រហែលជាមានតែពីរក្រុមប៉ុណ្ណោះ នោះគឺ Bayern និង Barcelona ប៉ុន្តែសូមអរគុណដល់ព្រះជាម្ចាស់ ព្រោះនេះជាកីឡាបាល់ទាត់ ហើយគ្មាននរណាអាចដឹងមុនបានឡើយ»។
«យើងត្រូវធ្វើការប្រកួតមួយចំនួនទៀតទម្រាំដល់ពេលនោះ ប៉ុន្តែខ្ញុំពិតជាទន្ទឹងរង់ចាំវាខ្លាំងណាស់ ហើយយើងនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព» ៕
ដោយ៖ Dara Hunii