
ក្រុមបឹងកេតបានទទួលបរាជ័យក្រោមថ្វីជើងក្រុម HOME UNITED ក្នុងលទ្ធផល ៦-០ ខណៈដែលការប្រកួតបើកឆាកក្នុងពានរង្វាន់ AFC CUP ក្រុមមួយនេះក៏ធ្លាប់ចាញ់ធ្ងន់កម្តងហើយ គឺចាញ់ក្រុម Ceres-Negros ស៊ុតបញ្ចូលទីដល់ទៅ ៩គ្រាប់តដៃមិនរួច។
នៅដើមតង់ទី១ ក្រុម Home United បាននាំមុខដោយគ្រាប់បាល់ ២ គ្រាប់ ខណៈដែលតង់ទី ២ ពួកគេបានបន្ថែមដល់ទៅ៤ គ្រាប់ទៀត ជាការសងសឹកលើក្រុមបឹងកេតដែលធ្លាប់យកឈ្នះក្រុមខ្លួន ៣ ទល់នឹង ២នៅក្នុងទឹកដីកម្ពុជា។ គ្រូបង្វឹកក្រុមបឹងកេត គឺ លោក កែវ កុសល បាននិយាយថាកូនក្រុមរបស់លោកហាក់អស់កម្លាំងកំហែងនៅក្នុងតង់ទី ២។
ថ្លែងប្រាប់ TheMorning លោក កែវ កុសល បានបញ្ជាក់ថា “ខ្ញុំពិតជាទទួលស្គាល់ថានេះជាការចាញ់ដ៏ធ្ងន់ធ្ងរលើកទី២។ វាហួសពីការរំពឹងទុករបស់យើង។ វាពិតជាមិនគួរឲ្យជឿឡើយ”។
“យើងត្រូវតែបន្តដំណើរទៅមុខបន្តទៀត គឺយើងគ្មានពេលសម្រាប់ការខូចចិត្តឡើយ។ យើងត្រូវតែឈ្នះដើម្បីស្តារមុខមាត់ឡើងវិញ”។
“ក្រុមរបស់យើងខ្វះកម្លាំង មិនដូចកាលលេងក្នុងទឹកដីរបស់យើងឡើយ ហើយការប្រកួតនេះ យើងលេងបានល្អនៅតង់ដំបូង តែនៅតង់ទី២ យើងបាត់បង់កម្លាំងទាំងស្រុង”។
“ក្រុមម្ចាស់ផ្ទះគេលេងដោយក្លៀវក្លា និងទំនុកចិត្ត ដូច្នេះគេពិតជាទទួលបានលទ្ធផលល្អមែន”។
“ការលេងនៅទឹកដីយើង និងទឺកដីគេពិតជាមានការខុសប្លែកគ្នាខ្លាំងមែនទែន។ នៅទឹកដីយើង យើងលេងបានល្អទាំងប្រយុទ្ធ និង ការពារ។ យើងលេងបានល្អជាក្រុម និងលេងដោយថាមពល”។
“អ្វីដែលយើងត្រូវគិតឡើងវិញគឺការគ្រប់គ្រង់បាល់ យើងទទួលបានបាល់តែយើងមិនអាចគ្រប់គ្រងវាបានយូរ ងាយអោយគេឆក់យកបានដោយងាយៗ។ យើងក៏ត្រូវពង្រឹងការការពារផងដែរ ដោយត្រូវគ្រប់គ្រងតំបន់នេះឲ្យបានល្អ យើងនឹងមិនអាចឈ្នះបានទេប្រសិនបើយើងគ្មានឱកាសស៊ុត និង គ្មានសាច់បាល់លេងនោះ”។
“យ៉ាងណាក៏ដោយ ខ្ញុំបានឃើញកូនក្រុមរបស់ខ្ញុំពិតជាប្រឹងប្រែងអស់ពីសមត្ថភាពមែន មានអ្នកខ្លះក៏មានរបួស គឺពួកគេពិតជាខិតខំខ្លាំងណាស់” ៕
តើអ្នកចង់ឱ្យក្លឹប បឹងកេត អែបស៊ី កែប្រែប្រព័ន្ធអ្វីខ្លះ ដើម្បីឱ្យមានទម្រង់លេងខ្លាំងដូចកាលពីមុនវិញ អាចបញ្ចេញយោបល់នៅខាំងក្រោម?
ដោយ៖ Dara Hunii