ក្រុមយុវជនខេត្តចំនួន ១០ ចូលរួមប្រជែងជើងឯកពានរង្វាន់ ជី ផាក អាយុក្រោម ១៥ ឆ្នាំ លើកទី១ ឆ្នាំ ២០១៩

13253

ក្រុមយុវជននៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តនានាចំនួន ១០ ត្រូវបានជ្រើសឲ្យចូលរួមប្រកួតប្រជែង នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ ជីផាក យុវជនក្រោម ១៥ ឆ្នាំ រដូវកាល ២០១៩ ដែលគ្រោងនឹងដំណើរប្រកួតជម្រុះបឋមតាមរូបមន្តផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ នាដើមខែឧសភាឆាប់ៗនេះ ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់វិសាខា បញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់យុវជននេះ ធ្វើឡើងក្រោមការរៀបចំពីក្លឹបបាល់ទាត់វិសាខា និងក្រុមហ៊ុន ជីផាក ក្នុងគោលបំណង ចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសផ្តល់ឱកាសឲ្យយុវជននានា នៅតាមបណ្តាខេត្តចំនួន ១០ បានចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព មិត្តភាព និងរិតចំណងសាមគ្គីភាពជាក្រុម ក៏ដូចជាបានកសាងសមត្ថភាពបន្ថែម អោយក្លាយជាកីឡាករអាជីពបាល់ទាត់នាថ្ងៃអនាគត ។ លោក បញ្ជាក់ទៀតថា ការប្រកួតនេះ ក៏ជាចលនាបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលបំផ្លាញសង្គមជាតិ និងខ្លួនឯងផងដែរ ។

ចំពោះរូបមន្តប្រកួត គឺក្រុមខេត្តទាំង ១០ នឹងត្រូវប្រកួតផ្លាស់ប្តូរទឹកដីគ្នាម្តងម្នាក់ ដោយបូកសរុបលទ្ធផល បញ្ជូលទាំងពីរជើង ហើយបើឈ្នះនឹងបានឡើងទៅប្រកួតនៅវគ្គបន្ត ប៉ុន្តែក្នុងករណីស្មើគ្នានឹងត្រូវកាត់សេចក្តី ដោយបាល់ ១១ ម៉ែត្រតែម្តង ។ បន្ទាប់ពីប្រកួតវគ្គជម្រុះវគ្គទី១ គណៈកម្មការនឹងជ្រើសរើសយកក្រុមឈ្នះចំនួន ៥ ឡើងមកវគ្គទី២ ខណៈ ១ ក្រុមដែលធ្លាក់ ប៉ុន្តែល្អជាងគេ នៅវគ្គទី១ នឹងត្រូវបានជ្រើសរើសយកបង្គ្រប់វគ្គទី២ សរុប ៦ ក្រុមសម្រាប់ជុំផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងប្រកួតនៅកីឡដ្ឋានវិសាខារាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះនឹងរៀបចំប្រាក់រង្វាន់ជ័យលាភីចំនួន ៨ ក្នុងនោះម្ចាស់ជើងឯកនឹងទទួលបានមេដាយមាស ៣០ គ្រឿង អមដោយប្រាក់រង្វាន់ចំនួន ១២ លានរៀល ។

លោក លុយ ចន្ទ្រា តំណាងក្រុមហ៊ុន ជីផាក ដែលឧបត្ថម្ភព្រឹត្តិការណ៍នេះ បានឲ្យដឹងដែរថា ក្រុមហ៊ុន និងក្លឹបបាល់ទាត់វិសាខា មានគម្រោងរៀបចំពានរង្វាន់យុវជននេះយូរមកហើយៗ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ។ លោក អះអាងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនរបស់លោក សហការជាមួយវិសាខា ដោយកន្លងមក មានការរៀបចំសកម្មភាពជួយដល់សង្គម និងការបង្ហាត់បាល់ទាត់ដល់កុមារជាដើម ។ សកម្មភាពនេះជាការរួមចំណែកបណ្ដុះបណ្ដាលស្វែងរកយុវជនឆ្នើម ដើម្បីក្លាយជាកីឡាករឆ្នើមនាថ្ងៃអនាគត ដោយនេះគឺជាទស្សនវិស័យរួមគ្នា ជាមួយនឹងក្លិបបាល់ទាត់វិសាខា ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី