អបអរសាទរ!!! កម្ពុជា នឹងមានកន្លែងទស្សនាមច្ឆាក្រោមទឹក ដំបូងបំផុតក្នុងពេលឆាប់ៗនេះ

22836
  • ខេត្តសៀមរាប នឹងមានផលិតផលទេសចរណ៍ថ្មីលេចរូបរាងដំបូងក្នុងពេលខាងមុខដែលគេស្គាល់ថាជាកន្លែងទស្សនាមច្ឆាក្រោមទឹកឬជលវប្បដ្ឋាន ត្រីទឹកសាប – ទឹកប្រៃ និងជម្រកអភិរក្សសត្វដែលនេះជាការវិនិយោគរបស់ក្រុមហ៊ុន ជប៉ុន និងកម្ពុជា ។ នេះជាគម្រោងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុន Angkor Wildlife & Aquarium ដែលបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ICM Inc ( International Concept Management Inc.) មកពីសហរដ្ឋអាមេរិក ។

    គម្រោងនេះមានទំហំវិនិយោគសរុបប្រមាណ ៧០ លានដុល្លារអាមេរិកស្ថិតនៅលើផ្ទៃដីទំហំ ១០០ ហិកតានៅខេត្តសៀមរាប ។ ការសាងសង់ចែកចេញជា ៣ ដំណាក់កាល ហើយដំណាក់កាលទីមួយគ្រោងចំណាយអស់ប្រមាណ ១៨ លានដុល្លារអាមេរិក ។ ការសាងសង់ក្នុងដំណាក់កាលទី ១ នឹងប្រើរយៈពេល ២ ឆ្នាំដោយចាប់ផ្តើមពីខែឧសភា ឆ្នាំ ២០១៩ និងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២១ ។ គម្រោងនេះនឹងនាំមកនូវមជ្ឈមណ្ឌលជលវប្បដ្ឋានត្រីទឹកសាប – ទឹកប្រៃ និងជម្រកអភិរក្សសត្វដើម្បីបម្រើសេចក្តីត្រូវការ និងការសិក្សាអប់រំដល់ប្រជាពលរដ្ឋមូលដ្ឋាន និងទេសចរអន្តរជាតិដែលមកទស្សនាខេត្តសៀមរាប ។ គេរំពឹងថា គម្រោងវិនិយោគនេះគឺជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ដែលនឹងក្លាយជាគោលដៅទាក់ទាញបំផុតទីពីរ បន្ទាប់ពីអង្គរវត្ត ពិសេសគឺជាការបង្កើតភាពទាក់ទាញថ្មីដែលនឹងជំរុញឱ្យទេសចរមកកាន់ខេត្តសៀមរាប បន្តការស្នាក់នៅជាមធ្យមពាក់កណ្តាលថ្ងៃទៀតផង ។

    គួរជម្រាបថា ពិធីសម្ពោធដំណើរការសាងសង់កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៩ គេឃើញមានវត្តមាន ឯកឧត្តម ទិត ចន្ថារដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តមលោក Michael Newbill ឯកអគ្គរដ្ឋទូតស្តីទី សហរដ្ឋអាមេរិក ប្រចាំកម្ពុជាចូលរួមផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី