ជូនពរឱ្យទទួលជោគជ័យ!!! អត្តពលិកប៉េតង់កម្ពុជា ចេញទៅប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ

62206
  • អត្តពលិកជម្រើសជាតិឈុតធំ ៤ នាក់ កីឡាករ ២ នាក់ និងកីឡាការិនី ២ នាក់ អមដោយគ្រូបង្គោល ២ នាក់ ដឹកនាំដោយលោក អុឹង គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ជាប្រធានប្រតិភូបានចេញដំណើរហើយ កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ ដើម្បីចូលរួមប្រកួត ព្រឹត្តិការណ៍កីឡា ប៉េតង់ជើងឯកពិភពលោក លើកទី ២ នៅទីក្រុង Almeria ប្រទេសអេស្ប៉ាញ ។

    ថ្លែងមុនពេលចេញដំណើរ នៅអកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក សុខ ម៉ុង គ្រូបង្វឹកជម្រើសជាតិទទួលបន្ទុកផ្នែកនារី មានប្រសាសន៍ថា ការប្រកួតនេះគណៈកម្មការបានរៀបចំវិញ្ញាសាចំនួន ៥ ក្នុងនោះមានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី និងវាយចម្រុះបុរស-នារី ។ លោក បានពន្យល់ថា ហេតុអ្វីបានជា នៅឆ្នាំ ២០១៩ នេះ មានការប្រកួតជើងឯកពិភពលោក ដល់ទៅ ២ ដង គឺនៅប្រទេសអេស្បាញ ខែឧសភា ឆ្នាំ ២០១៩ ដែលប្រកួតសម្រាប់ឈុតធំ និងនៅខែវិច្ឆិកា  ឆ្នាំ ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាវាយយកពិន្ទុ និង ៣ នាក់ទល់ ៣ នាក់ និងឈុតយុវជន ។ ការរៀបចំនេះគឺសហព័ន្ធប៉េតង់ពិភពលោក មានគោលដៅបង្កើនវិញ្ញាសាបន្ថែមសរុបចំនួន សម្រាប់ព្រឹត្តិការណ៍អូឡាំពិកហ្គេម ឆ្នាំ ២០២៤ នៅប្រទេសបារំាង ។

    គ្រូបង្គោលរូបនេះ បញ្ជាក់ទៀតថា ការចេញទៅប្រកួតលើកនេះ គឺជាការការពារម្ចាស់មេដាយមាសផ្នែកនារី កាលពីលើកទី១ នៅប្រទេសថៃ ដែលដណ្តើមបានដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ប៉ុន្តែលោកក៏បានបង្ហាញ នូវជំនឿចិត្តខ្ពស់ផងដែរ ក្នុងការប្រជែងយកមេដាយក្នុងកម្រិតណាមួយ ដោយលោកមិនហ៊ានសន្យាថា ដឹងតែឈ្នះមេដាយមាសនោះទេ ។ ទោះយ៉ាងនេះក្តីលោកថា ក្រុមជម្រើសជាតិប៉េតង់ទាំងអស់នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកលទ្ធផលដ៏គាប់ប្រសើរមួយយកមកជូនជាតិរបស់ខ្លួន ។

    សូមបញ្ជាក់ថា អត្តពលិកប៉េតង់ ៤ នាក់ ដែលចូលរួមកម្រិតពិភពលោកនេះ រួមមានម្ចាស់មេដាយមាសឆ្នាំ ២០១៦ កីឡាករ សុខ ចាន់មាន និងកីឡាការិនីម្ចាស់មេដាយមាសពិភពលោក ៣ សម័យកាល កែ ឡេង និង វីរកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាករថ្មីម្នាក់ទៀត ៕

    ដោយ៖ តារា

    រូបភាព៖ NOCC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី