ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ប្រកាសទទួលពាក្យចូលរួមប្រកួត

12735

សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានប្រកាសជូនដំណឹងជូនដល់កីឡាករជាតិឱ្យបានជ្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចក្រឡាហោម ស ខេង អបអរសាទរទិវាខួបអនុស្សាវរីយ៍លើកទី ៧៤ នៃថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ១៦ ឧសភា ឆ្នាំ ១៩៤៥ គ្រោងនឹងបើកការប្រកួតផ្លូវការនៅថ្ងៃទី ១៩ ខែឧសាភា ឆ្នាំ ២០១៩ ខាងមុខនេះ លើទីលានកីឡាវាយកូនគោលហ្គ្រេនភ្នំពេញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះបែងចែកជា ២ វិញ្ញាសា គឺវិញ្ញាសាប្រកួតជាក្រុមសម្រាប់កីឡាករវ័យចាស់ចាប់ពី ៦០ ឆ្នាំឡើងដែលមានគ្នា ៣ នាក់យកបាល់ល្អជាងគេ ។ សម្រាប់វិញ្ញាសាទី២ គឺប្រកួតឯកក្តជន ក្នុងនោះមានកីឡាករ កីឡាការិនី មិនមែនអាជីព និងអាជីព ។ ឯកឧត្តមបានគូរបញ្ជាក់ទៀតថា ការប្រកួតនេះសហព័ន្ធផ្តួចផ្តើមបង្កើតឡើងក្នុងស្មារតីចូលរួមអប់អរសាទរទិវាខួបអនុស្សាវរីយ៍ លើកទី ៧៤ នៃថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៤៥ និងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ពិសេសទៀតនោះ គឺបង្កើតព្រឹត្តិការណ៍ប្រកួតដើម្បីបង្កើនសាមគ្គីភាព មិត្តភាព នឹងផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងកីឡាករកូនគោល ក្នុងស្រុក ព្រមទាំងចូលរួមបំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជា ឲ្យមានសកម្មភាពកាន់តែផុសផុលឡើង ។

សម្រាប់ការទទួលពាក្យសុំសិទ្ធិចូលរួមប្រកួតចាប់ទទួលពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ ដោយកីឡាករ កីឡាការិនីទាំងអស់ អាចទាក់ទងចុះឈ្មោះតាមរយៈ លោក លីគា ដែលមានលេខទូរស័ព្ទទំនាក់ ០១៧ ៩៩៩ ១៦៨ លោក កែវ រស់ ០១២ ៨៦៧ ៨១៦ និងលោក ម៉ុន សុខជា ដែលមានលេខទូរស័ព្ទ ០១១ ៨៥៩ ៣៣៦ ។ ចំពោះតម្លៃចុះឈ្មោះកីឡាករម្នាក់ត្រូវបង់ថវិកាចំនួន ៨០ ដុល្លារ ទទួលបានសិទ្ធិចូលរួមប្រកួតមាន ខេឌី ឡាន អាវមួក និងពិសាអាហារ នៅសណ្ឋាគារសុខា ។ រាល់ការចុះឈ្មោះរួចហើយមិនអាចដកប្រាក់វិញទេ ។

សូមបញ្ជាក់ថា សម្រាប់ប្រព័ន្ធប្រកួត គឺការប្រេកួតជាក្រុមសម្រាប់កីឡាករវ័យចំណាស់ត្រូវយកពិន្ទុសរុបមកិគិត Gross score ការប្រកួតឯកក្តជនត្រូវគិតពិន្ទុជា ៣ បែប គឺពិន្ទុសុទ្ធ Gross score ប្រព័ន្ធហែនហែនឌីខែប របស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងគិតតាមប្រព័ន្ធ System 36 សម្រាប់កីឡាករដែលមិនមាន ហែន ឌីខែប ៕

ដោយ៖ ពិទូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី