ក្រោយចូលរួម WFSA ថ្នាក់ដឹកនាំ អង្គរថាយហ្គឺរ សន្យាថា នឹងយកចំណេះដឹងថ្មីមកជួយបាល់ទាត់កម្ពុជា

11332

ក្រោយទទួលបានការអញ្ជើញឱ្យចូលរួមជាពិសេសពីក្របខ័ណ្ឌ La Liga ទៅចូលរួម World Football Summit Asia អ្នកចាត់ការអង្គរថាយហ្គឺរ លោក Yusuke Shinoda និងគ្រូបង្វឹក Oriol Mohedano បានបង្ហាញសុទិដ្ឋិនិយមថានឹងយកចំណេះដឹងពីការចូលរួមនេះទៅជួយអភិវឌ្ឍន៍ក្លិប និងបាល់ទាត់កម្ពុជាឱ្យកាន់តែដើរទាន់ភាពទំនើបនៃពិភពបាល់ទាត់ ។

លោក Yusuke Shinoda បាននិយាយថា៖ ” វាជាឱកាសពិសេសដែលបានបង្កើតទំនាក់ទំនងថ្មីៗ និងសិក្សាពីបាល់ទាត់នៅតំបន់អាស៊ាន តួយ៉ាងការចែករំលែកបទពិសោធជោគជ័យរបស់លីគថៃ និងម៉ាឡេស៊ី ជាដើម ។ យើងបានដឹងពីការធ្វើផែនការរបស់ក្រុមធំៗក្នុងលោក ដូចជាក្រុម Barcelona និង Sevilla ក្នុងការវាយលុកទីផ្សារអាស៊ី និងទាក់ទាញអ្នកគាំទ្រជាដើម ” ។

ជាងនេះទៅទៀតអ្នកចាត់ការដដែលបានឱ្យដឹងថា ចំណេះដឹងទាំងឡាយដែលលោកទទួលបានពីការចូលរួមដ៏កម្រនេះនឹងក្លាយជាមេរៀនសំខាន់សម្រាប់ពង្រឹងក្លិប និងចែករំលែកបន្តទៅកាន់គ្រួសារបាល់ទាត់កម្ពុជា ។ លោកបន្តថា៖ ” បើយើងពុំបានចូលរួម ម្ល៉េះយើងពុំដឹងថាបាល់ទាត់សកលដើរដល់កម្រិតណានោះទេ ។ ខ្ញុំនឹងយកការសិក្សាពី WFS ទៅពង្រឹងការងារក្នុងក្លិបរបស់ខ្ញុំក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូលផងដែរ ។ ៣ ឆ្នាំក្នុងលីគកំពូលកម្ពុជា ខ្ញុំបានមើលឃើញពីការឈានទៅមុខ ហើយយើងនឹងរួមគ្នារុញច្រានវាបន្ថែមទៀតដើម្បីឈរកម្រិតតំបន់ឱ្យបាន ។ កីឡាករប្រឹងបង្កើនសមត្ថភាពលើទីលាន ហើយផ្នែកគ្រប់គ្រងនិងបុគ្គលិកទាំងអស់ត្រូវប្រឹងអភិវឌ្ឍន៍សមត្ថភាពដើម្បីភាពរីកចំរើនជាមួយគ្នា ” ។

គួរដឹងដែរថា ក្រុមការងារគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC រួមមានលោក ឈី កុលបុត្រា លោក ម៉ា ភារ៉ា និងលោក Christopher Grant ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ World Football Summit Asia នេះផងដែរ ដែលកម្មវិធីធ្វើឡើងក្នុងថ្ងៃទី ២៩-៣០ ខែមេសា នាទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ៕

ដោយ៖ តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី