
កីឡាករសញ្ជាតិអង់គ្លេសរបស់ក្លឹបបិសាចក្រហម Manchester United ខ្សែបម្រើ Jesse Lingard បានប្រាប់សារព័ត៌មាន Daily Mirror ថា ខ្លួននឹងសប្បាយចិត្តបើសិនជាក្លឹបបិសាចក្រហមទិញយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់កំពូលកីឡាករ Cristiano Ronaldo ។
ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា៖ ” ខ្ញុំនឹងសប្បាយចិត្ត បើក្លឹបទិញបានកីឡាករ Ronaldo ។ គេជាកីឡាករស្ថិតក្នុងចំណោមកីឡាករល្អជាងគេក្នុងពិភពលោកនៅរយៈពេលមួយទសវត្សនេះ ។ គេធ្លាប់លេងនៅទីនេះ ( Manchester United) ពីមុនមក ដូច្នេះគេអាចនឹងលេងត្រូវជើងហើយ ។ ពេលមើល Ronaldo បានលេងជាមួយអាវ United ខ្ញុំសឹងតែមិនជឿភ្នែក ហើយវានឹងអស្ចារ្យណាស់បើបានលេងជាមួយគេ ” ។
សូមរំលឹកផងដែរថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់ចំណាយពេលជាមួយក្លឹបបិសាចក្រហម Manchester United អស់រយៈពេល ៦ ឆ្នាំគឺពីឆ្នាំ ២០០៣ ដល់ ឆ្នាំ ២០០៩ ។ Ronaldo បានជួយឱ្យក្លឹបយក្សអង់គ្លេសមួយនេះឈ្នះពានធំៗជាច្រើនដូចជាក្របខ័ណ្ឌ Premier League ចំនួន ៣ ដង និង UEFA Champions League ម្ដងជាដើម ៕
ដោយ៖តារា