សោកស្ដាយ!! អត្តពលិកកីឡាវាយសីកម្ពុជា បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រាត់ពាននៅអូស្ត្រាលី

24316
  • អត្តពលិកកីឡាវាយសីកម្ពុជា បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ពាន Arafura Games 2019 នៅទីក្រុង Darwin ក្រោមថ្វីដៃហ្វីលីពីន នេះបើតាមការបញ្ជាក់របស់ លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា ពីបណ្តាញទំនាក់ទំនងតេឡូក្រាម ពីប្រទេសអូស្ត្រាលី ។

    លោកអគ្គលេខាធិការរង បញ្ជាក់ទៀតថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ រវាងកម្ពុជា និងហ្វីលីពីន គឺកម្ពុជាចាញ់ ៣ ទល់ ៥ លើវិញ្ញាសាវាយគូរបុរស-នារី កម្ពុជាឈ្នះទាំង ២ វិញ្ញាសាទោលបុរសកម្ពុជាចាញ់ទាំង ២ វិញ្ញាសាវាយទោលនារី កម្ពុជាឈ្នះ ១ ចាញ់ ១, រីឯវិញ្ញាសាវាយគូចំរុះកម្ពុជាបានចាញ់ទាំង ២ គូ ។ លោក ជាម សុភា បានឱ្យដឹងថា តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិនេះ យើងសង្កេតឃើញថាសិទ្ធផលរបស់កីឡាករ កីឡាការិនី មានការកើនឡើងទាំងក្រុមជម្រើសរើសជាតិ និងក្រុមថ្នាល ហើយការប្រកួតនេះដែរ ក៏បានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស សម្រាប់ឱ្យអត្តពលិកត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ ។
    គួរបញ្ជាក់ថា អត្តពលិកកម្ពុជា ត្រៀមដណ្តើមលេខ ៣ ជាមួយក្លឹប Papua របស់ ឥណ្ឌូនេស៊ី នៅថ្ងៃស្អែកវេលាម៉ោង ១៣:៣០  ខណៈហ្វីលីពីន ប្រកួតផ្តាច់ព្រាត់ជាមួយ ក្លឹប East Kalimantan របស់ ឥណ្ឌូនេស៊ី ។

    សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅប្រទេសអូស្ត្រាលីឆ្នាំនេះ ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃធ្វើដំណើរសំបុត្រយន្តហោះ និងការស្នាក់នៅ ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធ សមាគម និងពីម្ចាស់ផ្ទះអូស្រ្តាលីផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី