ក្រសួងទេសចរណ៍ រៀបចំពិព័រណ៍កម្ពុជាឆ្នាំ ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

28016
  • ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូមន្ត្រីរាជការ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងសំដៅជំរុញការផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត ។

    ពិព័រណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ ២០១៩ ដោយមានកិច្ចសហការពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមខ្មែរនៅប្រទេសជប៉ុន ក្នុងនោះមានការសម្តែងរបាំបុរាណខ្មែរ សម្តែងក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងច្រៀងចម្រៀងខ្មែរ ដោយក្រុមតន្រ្តី Dark Storm Band និងក្រុមតន្ដ្រីករខ្មែរផ្សេងទៀត និងការតាំងពិព័រណ៍ម្ហូបអាហារខ្មែរ វប្បធម៌ និងទេសចរណ៍ប្រមាណ ២៥០ ស្តង់ និងមានអ្នកចូលរួមប្រមាណជាង ១០ ម៉ឺននាក់ ។

    ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីសំណាក់លោក Kenji YAMADA អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ ។ ព្រឹត្តិការណ៍នេះធ្វេីឡេីងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហេីយក្រសួងទេសចរណ៍ក៏បានចូលរួមជារៀងរាល់ឆ្នាំផងដែរ ។

    គួរកត់សម្គាល់ដែរថា ឆ្នាំ ២០១៩ នេះ ជាខួបលើកទី ៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ពិសេសស្របពេល នៃការឡេីងគ្រងរាជ្យរបស់ព្រះករុណា ណារ៉ូហ៉ីតូ ព្រះចៅអធិរាជជប៉ុន ដែលបានឡេីងគ្រងរាជ្យនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៩ ។ ដើម្បីបន្តការផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើទីផ្សារជប៉ុន ក៏ដូចជាការរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Travel Showcase និងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤-២៧ ខែតុលា ឆ្នាំ ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី