កុំចេះតែហ៊ាន!!! ខ្មែរសម័យបុរាណបានដាក់បណ្ដាសារដល់អ្នកដែលបំផ្លាញប្រសាទយ៉ាងធ្ងន់ធ្ងរ

22393

សិលាចារឹកថ្មីមួយត្រូវបានក្រុមអ្នកស្រាវជ្រាវសម្ភុបុរៈដឹកនាំដោយលោកបណ្ឌិត ធុយ ចាន់ធួន បានរកឃើញកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៩ នៅប្រាសាទត្រពាំងព្រៃចម្ងាយ ១២ គីឡូម៉ែត្រខាងកើតភូមិកាកុតឃុំសំបុកស្រុកចិត្របុរីនៃខេត្តក្រចេះ ។ ក្នុងសិលាចារឹកនេះបាននិយាយពីដង្វាយនិងការដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលហ៊ានមកបំផ្លាញផងដែរ ។

លោកបណ្ឌិត ធុយ ចាន់ធួន សាស្រ្តាចារ្យផ្នែកបុរាណវិទ្យាបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា សិលាចារឹកនេះបានប្រគល់ ជូនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ ។ បើតាមប្រភពដដែលឱ្យដឹងថាសិលាចារឹកនេះមានបណ្ដោយ ១,៧៦ ម៉ែត្រ ទទឹង ០,៤៦ ម៉ែត្រ និងកម្រាស់មួយតឹកមានអក្សរចំនួន ២២ ជួរ ។ លោក ធុយ ចាន់ធួន បានដកស្រង់សម្ដីរបស់លោក វង់ សុធារ៉ា សាស្រ្តាចារ្យផ្នែកសិលាចារឹកថា សិលាចារឹកមួយផ្ទាំងនេះទំនងចារនៅអំឡុងសតវត្សទី ៧ នៃគ.ស ដោយផ្អែកតាមតួរអក្សរបុរាណ ។ លោកសាស្រ្តាចារ្យ ហ៊ុន ឈុនតេង អ្នកបកប្រែសិលាចារឹកនេះក៏យល់ឃើញដូចគ្នានេះដែរ ។

បើតាមសំណេររបស់បណ្ឌិត ធុយ ចាន់ធួន អ្នកជំនាញបានបកប្រែថា សិលាចារឹកនេះចារឡើងក្នុងគោលដៅថ្វាយនូវដង្វាយដល់អាទិទេពព្រហ្មញ្ញសាសាន ស្រីព្រឹទ្ធេស្វរៈ និកាយព្រះឥសូរ ។ ប្រភពដដែលបន្តថា ដង្វាយទាំងនោះមានដូចជាប្រេងចន្ទ បន្លែ ស្លា ខ្ញុំបម្រើ ច្បារដំណាំ គោ និងស្រែ ជាដើម ។ ក្រៅពីបញ្ជាក់ពីដង្វាយសិលាចារឹកនេះក៏បាននិយាយពីបាបដល់អ្នកដែលមានចេតនារារាំងឬបំផ្លាញប្រាសាទនេះដោយបានដាក់បណ្ដាសាដល់អ្នកណាដែលមកបំផ្លាញឱ្យធ្លាក់នរក ២៧ ជាន់ដរាបណានៅតែមានព្រះអាទិត្យ និងព្រះចន្ទ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី