Ronaldo ៖ អ្នកត្រូវតែជាកីឡាករល្អបំផុតជារៀងរាល់ឆ្នាំ បើអត់ទេដឹងតែទក់សាច់ហើយ

6593

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា គាត់ពិតជាមានការធុញទ្រាន់ខ្លាំងណាស់ដែលគាត់ត្រូវបានបង្ខំឱ្យបង្ហាញថា ខ្លួនត្រូវតែជាកីឡាករល្អបំផុតជារៀងរាល់ឆ្នាំ ហើយគាត់ចង់ឱ្យអ្នករិះគន់ទុកគាត់ឱ្យនៅម្នាក់ឯងមិនចំបាច់ប្រៀបធៀបជាមួយអ្នកណានោះឡើយ ។

តារាបាល់ទាត់របស់ក្លិប Juventus និងព័រទុយហ្គាល់ រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករជោគជ័យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រោយពីរូបគេឈ្នះពានរង្វាន់ជាច្រើនស្ទើររាប់មិនអស់ ដូចជាពានរង្វាន់ Ballons d’Or ចំនួន ៥ សម័យកាល និងពានរង្វាន់ Champions League ចំនួន ៥ លើក រួមជាមួយពានជាច្រើនផ្សេងទៀត ។

បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ជាមួយសេះបង្កង់ Juventus រដូវកាលនេះ ធ្វើឱ្យកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ក្របខ័ណ្ឌលីគនៅក្នុងប្រទេសចំនួន ៣ ផ្សេងគ្នា ហើយកំពុងជាបេក្ខភាពដណ្ដើមស្បែកជើងមាសប្រចាំលីគកំពូលអ៊ីតាលីថែមទៀតផង ដោយស៊ុតបញ្ចូលទីចំនួន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួត ។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែទទួលរងការរិះគន់ជាច្រើនក្រោយរូបគេមិនអាចជួយឱ្យ Juventus ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ខណះគូរប្រកួតប្រជែងធំបំផុតរបស់គាត់គឺកីឡាករ Lionel Messi កំពុងបង្ហាញទម្រង់លេងកាន់តែល្អជាមួយក្លឹប Barcelona នឹងកំពុងសម្លឹងឃើញពាន ៣ ក្នុងមួយរដូវកាលជាពិសេសពាន UCL ។

Ronaldo បានប្រាប់ El Pais ថា៖ ” ខ្ញុំនឹងមិនបដិសេធថា ពេលខ្លះវាធ្វើឱ្យខ្ញុំខឹងហើយវានឿយហត់ណាស់ ព្រោះវាហាក់ដូចជាថាជារៀងរាល់ឆ្នាំអ្នកត្រូវតែបង្ហាញថាអ្នកពិតជាល្អ ។ វាជាការពិបាក អ្នកមានអ្វីដែលអ្នកត្រូវមានសម្ពាធបន្ថែមទៀតក្នុងការបង្ហាញពីអ្វីមួយដល់មនុស្ស មិនគ្រាន់តែសំរាប់អ្នកទេ ក៏សម្រាប់មនុស្សនៅជុំវិញអ្នកដែរ ។ គ្រួសាររបស់អ្នក, ម្តាយរបស់អ្នក, កូនប្រុសរបស់អ្នក: ‘Cris ( Ronaldo ) អ្នកត្រូវតែឈ្នះនៅថ្ងៃស្អែក’ ។ វាធ្វើឱ្យអ្នកកាន់តែសកម្មអ្នកត្រូវតែហ្វឹកហាត់ ប៉ុន្តែមានពេលមួយដែលអ្នកនិយាយថា “សូមមើលខ្ញុំ” ។

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអធិរាជស Real Madrid រូបនេះបានបន្ថែមថា៖ ” ខ្ញុំមិនគិតថាពួកគេជឿថា ខ្ញុំជាមនុស្សយន្តនោះទេ ប៉ុន្តែពួកគេមើលឃើញខ្ញុំជាមនុស្សដែលមិនអាចមានបញ្ហា មិនអាចសោកសៅ និងមិនអាចមានបញ្ហាបាន ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី