
ស្ត្រីវៀតណាមម្នាក់ដែលរងការចោទប្រកាន់ពីបទធ្វើឃាតបងប្អូនប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាម បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ កាលពីសប្តាហ៍មុននេះ ។
បន្ទាប់ពីជំនំជម្រះទោសជាច្រើនលើកមកនោះ ស្រី្តវៀតណាមឈ្មោះ ឌ័ន ធី ហឿង (Doan Thi Huong) អាយុ ៣១ ឆ្នាំនេះ ត្រូវបានដោះលែងពីមន្ទីរឃុំឃំាងមួយនៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហើយនាងបានមកដល់ប្រទេសវៀតណាម នៅពេលយប់ថ្ងៃដដែលនោះ ដោយត្រូវបានអមដំណើរដោយក្រុមអ្នកការទូតវៀតណាម ។
នៅថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានលើកឡើងថា ការដោះលែងនាង ឌ័ន ធី ហឿង និងការវិលត្រឡប់មកវៀតណាមវិញនេះ គឺជាលទ្ធផលនៃការខំប្រឹងប្រែងរួមគ្នាដើម្បីកាពារពលរដ្ឋដោយរដ្ឋាភិបាល ក្រសួងការបរទេស ក្រុមអ្នកច្បាប់របស់វៀតណាម និង ក្រុមមេធាវីម៉ាឡេស៊ី ព្រមទំាងអង្គការផ្សេងៗទៀត ៕
ដោយ៖ សំណាង