នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាឲ្យស៊ើបអង្កេតករណីថ្លៃអគ្គិសនីឡើងថ្លៃខុសពីធម្មតា

16990

ក្រុមមន្ត្រីជំនាញរបស់រដ្ឋាភិបាលវៀតណាម នឹងស៊ើបអង្កេ ករណីតម្លៃថាមពលអគ្គិសនីចុងក្រោយនេះ ដែលឡើងថ្លៃ ៨.៣៦ ភាគរយ ឬស្មើនឹងតម្លៃ ១៨៦៤ ដុង ឬ ៨.០៣ សេនដុល្លារអាមេរិក ក្នុងមួយគីឡូវាត់ម៉ោង ចាប់តាំងពីថ្ងៃទី ២០ ខែមីនា ២០១៩ ពោលគឺក្រោយពេលមានក្តីកង្វល់ផ្ទុះចេញពីសាធារណជន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។

យោងតាមឯកសារដែលត្រូវបានបញ្ជូនមកពីការិយាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានស្នើដល់ក្រុមអធិការកិច្ចចុះទៅធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និង ក្រសួងហិរញ្ញវត្ថុ ឲ្យសិក្សាអំពីវិធីសាស្ត្រគណនាតម្លៃ លើវិកិយប័ត្រអគ្គិសនី ព្រមទាំងការប្រមូលថ្លៃប្រើប្រាស់ផងដែរ ។

ប្រភពថា ក្រុមអធិការកិច្ច និងរដ្ឋមន្ត្រី ២ រូបនេះនឹងត្រូវបញ្ជាក់ឡើងវិញ ថាតើតម្លៃថាមពលអគ្គិសនីនេះឡើងថ្លៃត្រឹមត្រូវ ឬ ខុស ហើយធ្វើរបាយការណ៍ទៅឲ្យនាយករដ្ឋមន្ត្រីវិញ នាខែក្រោយ ។ ចំណាត់ការនេះធ្វើឡើង ក្រោយពេលអ្នកប្រើប្រាស់ជាច្រើនបានរិះគន់អំពីការតម្លៃដែលឡើងថ្លៃ ឃើញមានក្នុងវិកិយបត្រ កាលពីខែមេសា ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី