ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដំណាក់កាលទី១ នៅភ្នំពេញទាក់ទាញអ្នកចូលរួមប្រកួតច្រើនជាបណ្តាឆ្នាំមុនៗ

13216

ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ ដែលប្រសិទ្ធិនាមថា Mountain Biking Series ឆ្នាំ ២០១៩ នៅទីលានប្រណាំងព្រែកលៀប លោក ព្យែ អ៊ីវកាត់ទ្រី អគ្គលេខាធិការរងសហព័ន្ធកីឡាខ្មែរទោចក្រយាន និងជាស្ថាបនិកបង្កើត ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំនៅកម្ពុជា អះអាងថា ការប្រកួតដំណាក់កាលទី១ នេះ គឺទទួលបានជោគជ័យខ្លាំង ជាងបណ្តាលឆ្នាំមុនៗត្បិតអ្នកចូលរួមមានចំនួនកើនឡើងច្រើនលើសឆ្នាំមុនៗកន្លងទៅ ពិសេសគឺ ក្មេងៗទំពាំងស្នងឬស្សីតែម្តង ។ ស្ថាបនិករូបនេះ បញ្ជាក់ថា ការប្រកួតជុំដំបូងនេះ ភូមិសាស្រ្តផ្លូវប្រកួត ហាក់រៀងស្រួលទេសម្រាប់អ្នកចូលរួម ត្បិតយើងចង់អោយកីឡាករការិនីចូលរួមប្រកួតច្រើន ។ ប៉ុន្តែ ដំណាក់កាលប្រកួតជុំបន្តបន្ទាប់ទៀតយើង និងធ្វើផ្លូវសម្រាប់ប្រកួតមានសភាពលំបាក ពីមួយដំណាក់ កាលទៅមួយដំណាក់កាល ។

លោក វង់ ខន់ពៅ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន មានប្រសាសន៍ថា ការប្រកួត នៅ ក្នុងជុំទី១ នេះ លោក សង្កេតឃើញមានកីឡាករការិនីថ្មីៗចូលរួមប្រកួតច្រើន ហើយពួកគេសុទ្ធសឹង តែមានទេព្យកោសល្យល្អៗដែលជាជ្រើសសម្រាប់សហព័ន្ធជ្រើសរើសមកហ្វឹកហាត់ក្រោយបញ្ចប់ការប្រកួតទាំង ៥ ដំណាក់ ។ លោកអះអាងថាទៀតថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ដែលសហព័ន្ធកំពុង ដុតដៃ ដុតជើងក្នុងការបំផុសឲ្យយុវជនចូលរួមប្រកួតនេះ សហព័ន្ធមានគោលបំណង ផលិតនៅធនធានល្អៗ ដើម្បីត្រៀមប្រជែងសម្រាប់ការប្រកួតនៅក្រៅប្រទេស ពិសេសគឺត្រៀមសម្រាប់ដណ្តើម មេដាយជូនកម្ពុជានាស៊ីហ្គេម ឆ្នាំ ២០២៣ ខណៈវិញ្ញាសារនេះក៍មានវត្តមានផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ ដែលប្រសិទ្ធិនាមថា Cambodia MTB Series ឆ្នាំ ២០១៩ មានចំនួន ៥ ដំណាក់កាល ដោយដំណាក់កាលទី១ បានធ្វើនៅទីលានប្រណាំងព្រែកលៀប កាលពីព្រឹកថ្ងៃទី ៥ រីឯដំណាក់កាលទី២ ធ្វើនៅខេត្តកែប ថ្ងៃទី ១៦ ខែមិថុនា ដំណាក់កាលទី ៣ ធ្វើនៅភ្នំជៀល ខេត្តកំពង់ស្ពឺ ថ្ងៃទី ២១ ខែសីហា ដំណាក់កាលទី៤ ធ្វើនៅភ្នំប្រសិទ្ធិ ខេត្តកណ្តាល ថ្ងៃទី ៣ ខែវិច្ឆិកា និងដំណាក់កាលទី ៥ ដែលជាជុំចុងក្រោយធ្វើនៅលើកំពូលភ្នំគិរីរម្យ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី