
អាចម៍ផ្កាយចម្លែកមួយហៅថា អុំម៊ូម៊ូ (Oumuamua) កាលពីឆ្នាំ ២០១៧ បានបង្កភាពផ្អើលជាខ្លាំងនៅក្នុងសហគមន៍តារាវិទូលើភពផែនដី ដោយសារវាបានក្លាយជាវត្ថុអវកាសដំបូងបង្អស់ ដែលមានប្រភពមកពីកន្លែងដ៏សែនឆ្ងាយ ហើយក៏ត្រូវបានប្រទះឃើញឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យរបស់យើងផងដែរ ។
អាចម៍ផ្កាយចម្លែកខាងលើទំនងជាមិនមែនជាវត្ថុដំបូងគេ មានប្រភពមកពីកន្លែងផ្សេង ដែលបានចូលមកឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យយើងនោះឡើយ ព្រោះថាតាមរយៈការពិនិត្យយ៉ាងល្អិតល្អន់បំផុត ទៅលើបញ្ជីមួយរបស់ NASA ដែលមានផ្ទុកឈ្មោះអាចម៍ផ្កាយ ដើម្បីរកមើលពពួកអាចម៍ផ្កាយដែលមានលក្ខណៈស្រដៀងនឹងអុំម៊ូម៊ូ នោះ អាចម៍ផ្កាយតូចមួយត្រូវបានគេប្រទះឃើញ ដែលវាបានឆាបឆេះនៅលើបរិយាកាសផែនដីកាលពី ៥ ឆ្នាំមុន នេះបើតាមលទ្ធផលនៃការស្រាវជ្រាវថ្មីមួយមកពីសាកលវិទ្យាល័យ ហាវ៉ដ (Harvard) របស់សហរដ្ឋអាមេរិក ។
សូមរំលឹកថា កាលពីឆ្នាំ ២០១៤ បំណែកថ្មអវកាសនោះ ដែលមានមុខកាត់ត្រឹម ៩០ សង់ទីម៉ែត្រនេះ បានឆេះរលាយខ្ទេចនៅពីលើប្រទេស ប៉ាពូញូហ្គីណេ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺល្បឿនដ៏លឿនរបស់វាប្រមាណ ៦០ គីឡូម៉ែត្រក្នុងមួយវិនាទី ដែលជាតំរុយថា វត្ថុនោះមិនស្ថិតក្នុងទំនាញរបស់ព្រះអាទិត្យ ដូចទៅនឹងបំណែកថ្មអវកាសឯទៀតៗនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះឡើយ ពោលគឺវាអាចមានប្រភពមកពីខាងក្រៅ ៕
ដោយ៖ ស្រស់