អ្នកចាំទីសញ្ជាតិហ្វីលីពីន Etheridge វ៉ាដាច់ De Gea ក្នុងការរក្សា Clean Sheet នៅ Premier League

7555

អ្នកចាំទីរបស់ក្លឹបក្លឹប Cardiff City និងក្រុមជម្រើសជាតិហ្វ៊ីលីពីន Neil Etheridge មានរដូវកាលដំបូងក្នុងលីគកំពូលអង់គ្លេសដ៏គួរឱ្យចងចាំនៅពេលដែលគេអាចរក្សាបាន Clean Sheet ច្រើនលើកជាងអ្នកចាំទី David de Gea ទៅទៀត ។ Etheridge បានរក្សា Clean Sheet ឱ្យក្លឹបក្រុម Cardiff City ដល់ទៅ ៩ លើកក្នុងរដូវកាលនេះ ខណៈដែល De Gea អាចរក្សាបានត្រឹមតែ ៧ លើកប៉ុណ្ណោះ ។ ទន្ទឹមនឹងនេះគេនៅតាមពីក្រោយឆ្ងាយ បើប្រៀបជាមួយអ្នកចាំទី Alisson Becker របស់ក្លឹបហង្សក្រហម Liverpool ដែលអាចរក្សា Clean Sheet បានរហូតដល់ ២០ លើកក្នុង ៣៧ ប្រកួត ។

អ្នកចាំទីសញ្ជាតិហ្វ៊ីលីពីនរូបនេះក៏ឈរនៅលំដាប់ទី ២ ផងដែរ បើគិតពីចំនួនលើកដែលគេសង្គ្រោះគ្រាប់បាល់បានសម្រេចក្នុងរដូវកាលនេះ ដោយគេសង្គ្រោះគ្រាប់បាល់បាន ១២៧ គ្រាប់ ។ ចំពោះចំណាត់ថ្នាក់មួយនេះគេបាននាំមុខ David de Gea ម្ដងទៀត ដែលអ្នកចាំទីរូបនេះតាមពីក្រោយ Etheridge រហូតដល់ ៩ គ្រាប់ឯណោះ ។ ស្របពេលជាមួយនេះផងដែរអ្នកចាំទី Lukasz Fabianski របស់ក្លឹប West Ham ដែលឈរនៅលំដាប់ទី ១ ក្នុងតារាងអ្នកចាំទីក្នុងលីគកំពូលអង់គ្លេសប្រចាំរដូវកាលនេះដែលមានចំនួនសង្គ្រោះគ្រាប់បាល់ច្រើនជាងគេបំផុតគឺគេសង្គ្រោះបាន ១៤០ គ្រាប់ ។

ថ្វីបើអ្នកចាំទីរូបនេះធ្វើបានល្អបែបនេះក៏ដោយក៏ក្លឹបក្រុម Cardiff City ត្រូវធ្លាក់ចេញពីលីគទី ២ អង់គ្លេសវិញ បន្ទាប់ពីឡើងមកលីគនេះទើបតែបានមួយឆ្នាំប៉ុណ្ណោះ ។ ក្លឹបមួយនេះឈរនៅលេខរៀងទី ១៨ នៅលើតារាងលីគកំពូលអង់គ្លេស ក្រោយពីទទួលបានត្រឹមតែ ៣១ ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតបាន ៣៧ លើក ។ យ៉ាងណាមិញរដូវកាលនេះបានបញ្ចប់ប្រកបដោយសមិទ្ធផលសម្រាប់ Etheridge ផ្ទាល់ ដោយគេទទួលបានកិត្តិនាមជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ក្លឹបក្រុម Cardiff City សម្រាប់រដូវកាល ២០១៨- ២០១៩ ។ Etheridge និងក្រុមរបស់គេនឹងត្រូវប៉ះជាមួយ De Gea និង Man Utd នៅថ្ងៃបញ្ចប់រដូវកាលប្រកួតលីគកំពូលអង់គ្លេស ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី