
កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍មួយ ដោយបានព្រមានពីការកើតឡើងនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅប្រទេសកូរ៉េខាងជើង ។
នៅក្នុងរបាយការណ៍វាយតម្លៃរួមគ្នានេះ ប្រជាជនកូរ៉េខាងជើងជាង ១០ លាននាក់ បានជួបបញ្ហាកង្វះអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែការប្រមូលផលបានទាបយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយមកនេះ ។ អង្គការអន្តរជាតិទាំងពីរបានចុះត្រួតពិនិត្យដោយផ្ទាល់នៅកូរ៉េខាងជើង ចំនួនពីរដងកាលពីឆ្នាំ ២០១៨ ដោយបានវាយតម្លៃសន្តិសុខស្បៀងអាហារទៅពិនិត្យកសិដ្ឋានទីជនបទ និងទីក្រុង ក៏ដូចជាមជ្ឈមណ្ឌលបែងចែកទិន្នផល ។
ក្រុមស៊ើបអង្កេត WFP និង FAO ក៏បានរកឃើញថា ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ ទីក្រុងព្យុងយ៉ាង បានបង្ខំចិត្តកាត់បន្ថយបរិមាណអាហារចំនួន ៣០០ ក្រាមក្នុងមួយថ្ងៃ ដែលបរិមាណនេះតិចជាងក្នុងឆ្នាំ ២០១៨ ដែលមានចំនួន ៣៨០ ក្រាម ៕
ដោយ៖ សំណាង