
រថយន្តស្ព័រប្រើក្នុងកងកម្លាំងប៉ូលិសគឺជារឿងធម្មតាមួយសម្រាប់ប្រទេសមួយចំនួនដូចជាប៉ូលិសជប៉ុនប្រើរថយន្តរបស់ក្រុមហ៊ុន Nissan GT-R, ប៉ូលិសអ៊ីតាលី ប្រើរថយន្ត Lamborghini Huracans ខណៈប៉ូលិសឌូបៃប្រើរថយន្តលឿនបំផុតមួយលើពិភពលោករថយន្តម៉ាក Bugatti Veyron ។
ឥឡូវនេះរថយន្តស្ព័ររបស់ក្រុមហ៊ុន W Motors ម៉ូដែល Lykan HyperSport មួយគ្រឿងដែលជារថយន្តទំនើបដំបូងបង្អស់ត្រូវបានរចនា និងផលិតនៅមជ្ឈិមបូព៌ា បានចូលរួមជាមួយនឹងកងកម្លាំងប៉ូលិសនៃទីក្រុង Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមដែរហើយ ។ វាចំណាយពេលរហូតដល់ទៅ ៤ ឆ្នាំសម្រាប់នាយកដ្ឋានប៉ូលិសទីក្រុង Abu Dhabi ក្នុងការសម្រេចចិត្តដាក់រថយន្តនេះប្រើប្រាស់ជាផ្លូវការ ។ រថយន្ត Lykan HyperSport ប្រើម៉ាស៊ីនចំណុះ ៣,៧ លីត្រ Twin-Turbo ទំហំ ៦ ស៊ីឡាំងដែលបង្កើតកម្លាំងបាន ៧៤០ សេះ ។
រថយន្តស្ព័រដែលបង្ហាញខ្លួនក្នុងរឿង “Furious 7” អាចបង្កើនល្បឿនពី ០ ទៅ ១០០ គ.មក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨ វិនាទី ប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ ៣៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ Lykan HyperSport ត្រូវបានផលិតត្រឹមតែ ៧ គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃ ៣,៤ លានដុល្លារក្នុងមួយគ្រឿង ជារថយន្តប៉ូលិសដ៏កម្រ និងថ្លៃបំផុតនៅលើពិភពលោក ៕
ដោយ៖ ស្រស់