គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា ដាក់ផែនការពង្រីកអនុគណៈកម្មាធិការរបស់ខ្លួនបន្ថែមនៅតាមបណ្តាលខេត្តពុំទាន់មាន

11995

អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា លោក ឃ្លាំង ចន្ធូ អះអាងថា នៅចុងឆ្នាំ ២០១៩ អាណត្តិទី ៤ នេះ គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា គ្រោងនឹងពង្រីកអនុគណៈកម្មាធិការរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្តាខេត្តដែលពុំទាន់មាន ដើម្បីផ្តល់ឱកាសដល់ជនសតិបញ្ញាខ្សោយទាំងក្មេងទាំងចាស់ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងសកម្មភាពកីឡា ដូចមនុស្សធម្មតា ក្នុងគោលដៅផ្តល់ជូននូវសុខភាព និងភាពសប្បាយរីករាយ ខណៈដែលអនុគណៈកម្មាធិការជាតិស្ប៉េស្យល់ឡាំពិកកម្ពុជា បច្ចុបន្នមានចំនួន ១៣ បានបង្កើតរួចរាល់ហើយនោះ ។

អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជា បានថ្លែងបែបនេះ ក្នុងមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចម្សិលមិញ ។ លោក ឃ្លាំងចន្ធូ បន្តថា នៅក្នុងអាណត្តិទី ៣ ឆ្នាំ ២០១៨ គណៈកម្មាធិការជាតិស្ប៉េស្យល់អូឡាំពិកម្ពុជាបានរៀបចំសកម្មភាពកីឡាជាច្រើននៅក្នុងស្រុក ដើម្បីផ្តល់ភាពសប្បាយរីករាយជូនពួកគេ ហើយក៍មានការបញ្ជូនទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីដណ្តើមមេដាយជាច្រើនគ្រឿងមកជូនកម្ពុជាផងដែរ ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានប្រសាសន៍ថា គណៈកម្មាធិការស្ប៉េស្យល់ឡាំពិកកម្ពុជា ជានិច្ចជាកាលតែតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកចលនាកីឡាជនសតិបញ្ញាខ្សោយ នៅតាមបណ្តារាជធានី ខេត្តនានា ។ ក្រៅពីនេះយើងបានសហការជាមួយអង្គការសមាគមនានា ដែលបានគ្រប់គ្រងជនខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗដែលជាជនខ្សោយបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនពិការភាពដ៍ទៃទៀត និងជនមិនពិការផងដែរ ។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាដល់ជនពិការភាព និងការចូលរួមចំណែក ក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា ។ ជាមួយគ្នានោះ បន្ទាប់ពីបញ្ចប់មហាស្និបាតរបស់គណៈកម្មាធិការស្ប៉េស្យល់ជាតិអូឡាំពិកកម្ពុជា បានប្រគល់ទឹកប្រាក់ចំនួន ២២០,៥០០,០០០.០០រៀល (ពីររយម្ភៃ លាន ប្រាំសែនរៀល) ប្រគល់ជូនដល់អត្តពលិកកីឡា ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដែលឈ្នះមេដាយ ក្នុងព្រឹត្តការណ៍អន្តរជាតិកន្លងមក ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះអត្តពលិក ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ឈ្នះបានមេដាយ ៨៤ គ្រឿងក្នុងនោះមេដាយមាស ៣៤ ប្រាក់ ៥៣ និងសំរិទ្ធ ៨ គ្រឿង ពីការចូលរួមព្រឹត្តការណ៍អន្តរជាតិកន្លងមក ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី