រដ្ឋមន្ត្រីទេសចរណ៍ ហាមមិនឱ្យអ្នកដឹកនាំក្រុមទេសចរជូនលុយក្រៅផ្លូវការទៅមន្ត្រីបោះត្រានៅច្រកទ្វារអន្តរជាតិ

23872
  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានហាមយ៉ាងដាច់ណាត់មិនឲ្យអ្នកដឹកនាំក្រុមទេសចរ (Tour Leaders) ទាំងឡាយ ជូនលុយក្រៅផ្លូវការទៅមន្ត្រីនគរបាលនៅពេលបោះត្រាលើលិខិតឆ្លងដែននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬព្រលានយន្តហោះអន្តរជាតិ ហើយក៏មិនត្រូវណែនាំឱ្យភ្ញៀវទេសចរបរទេសប្រព្រឹត្តទង្វើមិនគប្បីបែបនេះឡើយ ព្រោះគ្មានច្បាប់ណាតម្រូវឲ្យធ្វើបែបនេះនោះទេ ។ ការហាមប្រាមនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ។

    ចំណុចដ៏រសើបនេះ ត្រូវបានបង្ហើបដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយលោកបានឲ្យដឹងថា តាមការរាយការណ៍របស់មន្ត្រីនគរបាលមូលដ្ឋាន មានការឲ្យលុយនៅពេលបោះត្រាលើលិខិតឆ្លងដែនរបស់ភ្ញៀវជនជាតិចិនខ្លះ នៅពេលដែលភ្ញៀវយកលិខិតឆ្លងដែននោះទៅឲ្យមន្ត្រីនគរបាលបោះត្រា តែមិនច្រើនទេត្រឹម ២០០០ រៀល, ៥០០០ រៀល ឬ ៥ យ័ន តែប៉ុណ្ណោះ ។ លោកថា៖ ” ក៏សូមរាយការណ៍ជូនដែរ បងប្អូនចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹងហ្មង គាត់រៀបឡើងឡានចេញហើយគាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅដើម្បីគេវ៉ៃត្រាឱ្យស្រួលខ្លះ, ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) បើមិនហ្ចឹងទេ ៥ យ័ន ” ។

    នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អហើយជាអំពើខុសច្បាប់ ។ លោកនាយឧត្តមសេនីយ៍ បានសំណូមពរដល់ក្រសួងទេសចរណ៍ ជួយផ្សព្វផ្សាយដល់អ្នកដឹកនាំក្រុមទេសចរ ឬប្រតិបត្តិករទេសចរណ៍ទាំងអស់ កុំឱ្យបន្តប្រព្រឹត្តនូវចំណុចខាងលើនោះតទៅទៀត ។ ឆ្លើយតបនឹងបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាទៅមន្ត្រីពាក់ព័ន្ធភ្លាមៗ ពិសេសមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដែលបានមកចូលរួមប្រជុំផងដែរ ត្រូវផ្សព្វផ្សាយបញ្ជ្រាបបញ្ហានេះជាបន្ទាន់ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដាច់ខាតមិនឱ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀតឡើយ ។ លោករដ្ឋមន្ត្រី ថោង ខុន បានព្រមានថា បើមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងនោះ នៅតែប្រព្រឹត្តបែបនេះទៀត ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ពោលគឺត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យបានចាប់ពីពេលនេះតទៅ ។

    បញ្ជាក់បន្ថែមជូនអង្គប្រជុំ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានរាយការណ៍ថា ក្រោយពីបានពិគ្រោះយោបល់ជាមួយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការរិះរកគ្រប់វិធីក្នុងការកាត់បន្ថយនូវរបាំងមិនចាំបាច់នៅតាមច្រកទ្វារអន្តរជាតិ និងដោយបានទទួលការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រសួងនឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវសាលាកបត្រចេញចូលថ្មីខ្លី ដែលមានភាពងាយស្រួលនៃបែបបទសុំទិដ្ឋាការ ពេលភ្ញៀវទេសចរមកដល់ ។ ពាក់ព័ន្ធនឹងការសម្រួលការធ្វើដំណើរទេសចរណ៍នេះទៀតសោត លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណចំពោះកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងផ្នែកពាក់ព័ន្ធទាំង់អស់ ពិសេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់សម្រួលគ្រប់បែបយ៉ាង ដល់ការធ្វើរដំណើររបស់ទេសចរ ពិសេសរថយន្តទេសចរបរទេសជាគ្រួសារ ឬឯកជន (self driving tour) ដោយមិនចាំបាច់មានប្រាក់កក់ គឺតម្រូវត្រឹមតែបង់តែប្រាក់ធានារ៉ាប់រង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី