ព្រឹត្តិការណ៍ប្រដាល់ «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» (ISI PALM) នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ

38413
  • ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដែលប្រសិទ្ធនាមថា «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃអាទិត្យ ទី ១២ ខែឧសភា នេះរៀងរាល់រថ្ងៃអាទិត្យ វេលាថ្ងៃត្រង់តទៅនៅសង្វៀន ភីអិនអិន ដើម្បីចូលរួមលើកស្ទួយដល់វិស័យកីឡាប្រដាល់គុនខ្មែរ នៅកម្ពុជា ។ នេះជាការប្រកាសរបស់ លោក សុខ វិចិត្រ តំណាងក្រុមហ៊ុន ISI PALM ក្នុងសន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩ ។

    គណៈកម្មការរៀបចំព្រឹត្តិការនេះបានឲ្យដឹងថា «អធិរាជគុនខ្មែរ អាយ អេស អាយ ផាម» ជាកម្មវិធីប្លែកមិនធ្លាប់មាននៅកម្ពុជា ដែលជាការប្រកួត ដណ្ដើមខ្សែក្រវ៉ាត់ប្រាក់ប្រចាំខែ សម្រាប់ឈានទៅប្រកួតយកខ្សែក្រវ៉ាត់មាស ក្នុងទម្ងន់ ៦០ គីឡូក្រាម អមដោយប្រាក់រង្វាន់ចំនួន ៤០ លានរៀល ។ ក្នុងព្រឹត្តិការណ៍នេះមាន កីឡាករខ្លាំងៗ ចូលរួមប្រកួតប្រជែងចំនួន ៨ រូប មាន​កីឡាករ ឃីម ឌីម៉ា, ឡៅ ចិត្រា, ​សុខ សាវិន ​, លន បញ្ញា, កូយ ឡាយ , ធន់ មករា,ឡុង ជិន និងសារឿន ចាន់ ដែល ត្រូវតតាំង ជាមួយជើងខ្លាំងមកពីប្រទេសថៃចំនួន ៨ រូប ​ក្នុងរូបមន្ដចាញ់ធ្លាក់ ។ រៀងរាល់ខែ កីឡាករកម្ពុជា ២ រូប និងត្រូវជួបជាមួយកីឡាករថៃ ២ រូប សម្រាប់អ្នកឈ្នះនឹងឡើងប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ប្រាក់ប្រចាំខែ ទល់នឹងអ្នកឈ្នះដូចគ្នា ។ បន្ទាប់ពីរកឃើញម្ចាស់ខ្សែក្រវ៉ាត់ប្រាក់ទាំង ៤ ពួកគេនឹងត្រូវជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស ។

    សម្រាប់ការប្រកួតសប្ដាហ៍ដំបូងថ្ងៃទី ១២ ខែឧសភា មុនឈានដល់ការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់ កីឡាកររឿងសុភ័ណ នឹងត្រូវប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិជាមួយអតីតម្ចាស់ខ្សែក្រវ៉ាត់សង្វៀន លុម្ពិនីផុង សិរិ ចំណែកកីឡាករឡុង សំណាង ប៉ះជាមួយ អតីតម្ចាស់ខ្សែក្រវ៉ាត់ WBC ប៉ិ ថេង រួមជាមួយគូថ្នាលកម្ពុជា ២ រូបទៀត នឹងសាកក្បាច់គុនជាមួយយុវជនមកពីប្រទេសថៃ ក្នុងជំនួបមិត្តភាពអន្ដរជាតិដូចគ្នា ។ ចំពោះគូខ្សែក្រវ៉ាត់អធិរាជគុនខ្មែរ អាយ អេស អាយ ផាម នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃអាទិត្យ ទី ១៩ ខែឧសភា ដោយមានវត្តមានម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម ២០១៧ ឡៅ ចន្ទ្រា ផងដែរ ។

    លោក ម៉ិល កាដូ អគ្គនាយករងកីឡា នៃក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ ថា ការប្រកួតនេះនឹងផ្តល់ ប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍវិស័យកីឡាប្រដាល់នៅកម្ពុជា និងជម្រុញឲ្យមានសកម្មភាពកាន់តែផុសផុលបន្ថែមទៀត ដើម្បីឲ្យសហព័ន្ធកាន់តែមានឱកាសក្នុងការជ្រើសរើសកីឡាករខ្លាំងៗជាច្រើនទៀត សម្រាប់ដាក់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិ នាពេលខាងមុខ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ជាពិសេសគឺការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី