ខេត្តបន្ទាយមានជ័យ កក់កៅអីជុំផ្ដាច់ព្រ័ត្រពាន G-PARK Youth Cup U-15 មុនគេ ក្រោយឈ្នះខេត្តបាត់ដំបង ៥-៤

29980
  • ក្រុមបាល់ទាត់យុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានបន្ដដំណើរទៅជុំផ្ដាច់ព្រ័ត្រមុនគេ ក្នុងការប្រកួតពានរង្វាន់ ជី ផាក យុវជនអាយុក្រោម ១៥ ឆ្នាំ លើកទី១ ឆ្នាំ ២០១៩(G-PARK Youth Cup U-15) បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញចំនួន ២ ជើង ដោយយកឈ្នះក្រុមយុវជនមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដបាត់ដំបង ដោយលទ្ធផល ៥-៤ ។ កាលពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ២-២ លើទឹកដីខេត្តបន្ទាយមានជ័យ ។ ប៉ុន្ដែជួបគ្នាជើងទី២ លើទឹកដីខេត្តបាត់ដំបងវិញ ក្រុមភ្ញៀវហាក់មានប្រៀបដោយរកបានគ្រាប់បាល់បញ្ចប់ទីមុន រហូតទទួលបានជ័យជម្នះ ៣-២ លើខេត្តបាត់ដំបង ។ គ្រាប់បាល់ជ័យជម្នះរបស់ខេត្តបន្ទាយមានជ័យ ធ្វើសម្រេចដោយកីឡាករ ហេង វាសនា, លឿន ហាក់ឡី និងកីឡាករ ពៅ សាម៉ារ៉ាឌី ។ រីឯ ២ គ្រាប់របស់ខេត្តបាត់ដំបង រកបានដោយ សុខ ថា និងកីឡាករ សម្បត្តិ ស៊ីស៊ុយ ។

    ជាមួយនឹងជ័យជម្នះ ៥-៤ នេះ បានធ្វើឲ្យខេត្តបន្ទាយមានជ័យ ក្លាយជាក្រុមដំបូងគេ ដែលបានកក់កៅអីជុំផ្ដាច់ព្រ័ត្រ ឬ វគ្គ ៦ ក្រុមចុងក្រោយ ខណៈ ៥ ក្រុមផ្សេងទៀតត្រូវរង់ចាំការប្រកួត ៤ គូទៀតនាពេលឆាប់ៗខាងមុខ ។ ចំពោះខេត្តបាត់ដំបង ក៏ពុំទាន់អស់សង្ឃឹមដែរ ព្រោះក្នុងចំណោម ៥ ក្រុមដែលត្រូវឡើងទៅបង្គ្រប់ជុំផ្ដាច់ព្រ័ត្រ ក៏មានក្រុមចាញ់ តែធ្វើបានល្អជាងគេ ១ ក្រុម ដែលគណៈកម្មការនឹងធ្វើការវាយតម្លៃដើម្បីរួមដំណើរជាមួយក្រុមទទួលបានជ័យជម្នះផ្សេងៗផងដែរ ។ ពាននេះមានក្រុមយុវជន ១០ ខេត្តចូលរួម (ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកណ្ដាល, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ និងខេត្តកំពត) ហើយបែងចែកការប្រកួតជា ២ ដំណាក់កាល ទី១៖ ការប្រកួតជម្រុះតាមខេត្ត ក្រោយចាប់គូរួច ខេត្តនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២៖ ក្រុមទទួលជ័យជម្នះ ៥ ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ ១ ក្រុម (ឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈកម្ម) នឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខា ។

    ព្រឹត្តិការណ៍នេះ ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំឡើង ដោយក្លិបកីឡាបាល់ទាត់ វិសាខា សហការជាមួយក្រុមហ៊ុនភេសជ្ជៈ G-PARK ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជា, ផ្ដល់ឱកាសឲ្យកីឡាករយុវជន ពង្រឹងសមត្ថភាព កាយសម្បទា សុខភាព, បង្កើតមិត្តភាព សាមគ្គីភាព និងស្មារតីធ្វើការជាក្រុម, បំផុសយុវជនចូលរួមលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញឿន និងផ្ដល់ឱកាសយុវជនតាមខេត្តបានបញ្ចេញសមត្ថភាព ហើយឈានទៅក្លាយជាកីឡាករអាជីពនាថ្ងៃអនាគត ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី