ទោះជួយឱ្យ Arsenal ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEL ក៏ដោយតែ Petr Cech នៅតែចិញ្ចឹមចិត្តចូលនិវត្តន៍

8925

ក្រោយពេលដែលបានជួយឱ្យក្រុមកាំភ្លើងធំ Arsenal ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League អ្នកចាំទីចាស់វស្សា Petr Cech បាននិយាយថា គាត់មិនបោះបង់ចោលគោលបំណងចង់ចូលនិវត្តន៍របស់ខ្លួននោះទេ ។

Petr Cech បានចូលលេងជាអ្នកចាំទីជម្រើសទី ១ ក្នុងការប្រកួតដែលក្រុម Arsenal ឈ្នះក្លិប Valencia ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្នុងទឹកដី Mestalla កាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យក្លឹបនេះឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Europa League ដោយមានចំនួនគ្រាប់បាល់សរុបឈ្នះលើក្រុម Valencia រហូតដល់ ៧ ទល់នឹង ៣ ។ អ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះបានប្រកាសថា គាត់នឹងព្យួរស្រោមដៃដើម្បីចូលនិវត្តន៍នៅចុងរដូវកាលនេះ ។

Cech ជាម្ចាស់កំណត់ត្រាអ្នកចាំទីដែលមានចំនួន Clean Sheet ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស ហើយគាត់ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស ៤ លើក ពានរង្វាន់ក្របខ័ណ្ឌ FA Cup ចំនួន ៥ ដង ពានរង្វាន់ UEFA Champions League ១ លើក និងពាន UEFA Europa League ១ លើក ។ អ្នកចាំទីសញ្ជាតិឆេករូបនេះនឹងចូលក្នុងចំណោមអ្នកចាំទីដែលល្អបំផុតក្នុងវិស័យកីឡាបាល់ទាត់សម័យថ្មី ប៉ុន្តែខណៈដែលអ្នកចាំទីផ្សេងទៀតនៅបន្តលេងរយៈពេលយូរអ្នកចាំទីរូបនេះមិនស្ដាយក្រោយចំពោះការសម្រេចចិត្តចូលនិវត្តន៍របស់គាត់នោះទេ ។

Cech បាននិយាយប្រាប់សារព័ត៌មានទូរទស្សន៍ BT Sport ថា៖ ” មានពេលខ្លះអ្នកលេងបានល្អ ហើយអ្នកគិតថាអ្នកចង់នៅលេងបន្តទៀត ប៉ុន្តែខ្ញុំគិតថាខ្ញុំបានសម្រេចចិត្តដោយគិតគូរបានល្អិតល្អន់ហើយ ។ ខ្ញុំអាចនឹងបន្តលេងបាន ២ ឆ្នាំទៀត ប៉ុន្តែខ្ញុំសុខចិត្តចូលនិវត្តន៍ឆាប់ប្រសើរជាងយឺត ។ ខ្ញុំចង់ធ្វើការសម្រេចចិត្តទៅតាមការគិតពិចារណារបស់ខ្ញុំ ។ សុបិនចុងក្រោយរបស់ខ្ញុំ គឺចូលរួមប្រកួតផ្ដាច់ព្រ័ត្រ Europa League  លើកនេះ ហើយវាបានក្លាយជាការពិត ហើយសុបិននៅពេលនេះគឺឈ្នះការប្រកួតលើកនេះឱ្យបាន ” ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី