អបអរសាទរ!!! ស្ករត្នោតកំពង់ស្ពឺ ទទួលបានវិញ្ញាបនបត្រពីសហភាពអឺរ៉ុប ជាផ្លូវការហើយ

85107
  • កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ សហភាពអឺរ៉ុបបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ” ជូនលោក សម សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺជាផ្លូវការនៅសណ្ឋាគារ Raffles Hotel Le Royal ។

    តាមការប្រកាសរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា “ស្ករត្នោតកំពង់ស្ពឺ” ទើបតែទទួលបានការចុះបញ្ជីការពារនៅសហភាពអឺរ៉ុបកាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ។ ក្រោយពី “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” ទទួលបានការចុះបញ្ជីការពារក្នុងកម្រិតជាតិកាលពីឆ្នាំ ២០១០ ផលិតផលសម្គាល់ភូមិសាស្ត្រទាំងពីរនេះជាផលិតផលដែលមានប្រភពផ្សារភ្ជាប់នឹងដែនដីកត្តាធម្មជាតិ និងវិធីសាស្ត្រផលិត ជាប្រពៃណីដែលបានសិក្សា និងកំណត់ហើយស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ទើប “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” មានគុណភាពចរិតលក្ខណៈពិសេស និងកេរ្តិ៍ឈ្មោះល្បីទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ។

    នៅពេលនេះក្រសួងពាណិជ្ជកម្មបានចាត់ទុកថា កិច្ចការពារ “ស្ករត្នោតកំពង់ស្ពឺ” និង “ម្រេចកំពត” នៅសហភាពអឺរ៉ុបជាចំណងដៃប្រកបទៅដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប នាពេលកន្លងមកដែលត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះបន្ថែមទៀតដើម្បីជាការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី