
Romelu Lukaku បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់ Manchester United ក្នុងការពង្រឹងសមត្ថភាពក្រុម តាមរយៈការទិញកីឡាករថ្មីៗបន្ថែមទៀតនៅរដូវកាលក្រោយ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលត្រូវបាន Jose Mourinho ទិញមក បន្ទាប់ពីគាត់មកដឹកនាំក្លឹបនេះ សម្រាប់មកជួយពង្រឹងក្រុមឡើងវិញក្រោយទទួលបានលទ្ធផលមិនសូវគាប់ប្រសើរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
កីឡាករ Nemanja Matic, Victor Lindelof ហើយថ្មីៗនេះ Alexis Sanchez សុទ្ធតែត្រូវបានផ្ទេរមកក្នុងតម្លៃខ្លួនថ្លៃនៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ Lukaku បានសម្តែងការគាំទ្រដល់ការលើកឡើងថ្មីៗនេះរបស់គ្រូបង្វឹកដែលថាកូនក្រុមនៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយទេក្នុងការដណ្តើមយកពានរង្វាន់ធំៗ បន្ទាប់ពីខ្ទាត់ចេញពីក្របខណ្ឌ Champions League នៅសប្តាហ៍នេះ។
Man United នៅតែអាចប្រឹងប្រែងឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FA Cup ប៉ុន្តែទំនងជានឹងត្រូវក្រុមកំពូលនៅ Premier League និងជាក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់ជាប់ខ្លួនបំផុត Manchester City ទម្លាក់ហើយ។ យោងតាម Lukaku បានឲ្យដឹងថា ក្លឹបនេះនឹងចំណាយប្រាក់វិនិយោគលើកីឡាករថ្មីៗម្តងទៀត ដើម្បីធ្វើឲ្យ Jose Mourinho រីករាយ។ គាត់បាននិយាយថា៖ «យើងគឺជាក្រុម Manchester United យើងត្រូវតែពង្រឹងក្រុមជារៀងរាល់ឆ្នាំ ហើយខ្ញុំដឹងថាមានកីឡាករល្អៗជាច្រើនដែលនឹងមកចូលរួមជាមួយយើងនៅរដូវកាលក្រោយ។ នោះគឺប្រាកដណាស់»។
«នោះគឺជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំ ដើម្បីពង្រឹងក្រុមរបស់យើង ហើយវាក៏ជាអ្វីដែលគ្រូបង្វឹករង់ចាំផងដែរ ព្រោះនៅឆ្នាំក្រោយយើងត្រូវតែដណ្តើមយកជ័យជម្នះឲ្យបាន»។
«យើងនឹងត្រូវព្យាយាម ដើម្បីដណ្តើមពានរង្វាន់ឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន»។
Lukaku បានបន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយគាត់មានអារម្មណ៍ថា Man United គឺជាក្រុមដ៏ខ្លាំងមួយ ដែលនឹងអាចឈ្នះពានរង្វាន់មួយចំនួន ហើយគាត់មិនគិតថាគូប្រជែងនៅ Champions League ក្រុម Sevilla មានសមត្ថភាពខ្លាំងជាងក្រុមរបស់គាត់ឡើយ។
គាត់បានបន្ថែមថា៖ «ខ្ញុំមិនជឿទេថា យើងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនៅក្នុងការប្រកួតធំៗនោះឡើយ»។
«យើងបានដឹងភ្លាមៗបន្ទាប់ពីធ្វើការប្រកួតជាមួយ Sevilla រួចថា យើងមិនទាន់មានសមត្ថភាពល្អគ្រប់គ្រាន់ទេ ដូច្នេះយើងព្រមទទួលយកការរិះគន់» ៕
ដោយ៖ Dara Hunii