តោះទៅដឹងចំណុចពិសេសរថយន្ត Rolls-Royce របស់រុស្ស៊ីបើកដំបូលបានសម្រាប់ដឹកលោក ពូទីន

19914
  • កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះប្រទេសរុស្ស៊ី បានអបអរខួបលើកទី ៧៤ ឆ្នាំនៃការយកឈ្នះលើកងទ័ពណាស៊ី ដោយមានការចូលរួមពីទាហានជាង ១៣ ០០០ នាក់ ។ នៅក្នុងឱកាសនោះដែរគេបានប្រទះឃើញលោក ពូទីន ប្រើប្រាស់រថយន្ត Rolls-Royce របស់រុស្ស៊ីអាចបើកដំបូលបានជាលើកដំបូងក្នុងក្បួនដង្ហែ ។

    រថយន្តនោះមានឈ្មោះថា Aurus Senat ត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី ផ្ទាល់តែម្តង ។ វាបានបង្ហាញខ្លួនជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះវាបានផ្លាស់ប្តូរមុខមាត់ថ្មីជារថយន្តប្រភេទអាចបើកដំបូលបានវិញ ។ រថយន្ត Aurus Senat នេះមានទម្ងន់រហូតដល់ទៅ ៦ តោន ហើយប្រើម៉ាស៊ីន Hybrid ចំណុះ ៤,៤ លីត្រទំហំ ៨ ស៊ីឡាំង ជាមួយនឹងប្រអប់លេខអូតូចំនួន ៩ វគ្គ ។ វាក៏មានលក់ឱ្យប្រជាជនរុស្ស៊ីផងដែរ ក្នុងតម្លៃ ១៦០ ០០០ ដុល្លារ តែប្រើឈ្មោះ Aurus Sedad ហើយជាប្រភេទរថយន្តដំបូងបិទជិតធម្មតា ។

    រថយន្ត Aurus Sedan មានប្រវែងខ្លីជាងរថយន្ត Aurus Senat ។ វាផលិតឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមមានគុណភាពខ្ពស់ ដូចជាស្បែកសត្វតម្លៃថ្លៃផលិតនៅរុស្សី និងលោហធាតុដែលមានភាពរឹងមាំបំផុត ។ ផ្នែកខាងមុខមាននូវប្រព័ន្ធកម្សាន្តដ៏ទំនើបដោយមានអេក្រង់ទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ ។ ម៉ាក Aurus ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយពាក្យ “Au” ជាពាក្យកាត់នៃ “Aurum” មានន័យថា “មាស” នៅក្នុងភាសាឡាទីន ។ ចំណែកឯពាក្យ “Rus” ជាពាក្យកាត់នៃ “Russian” មានន័យថា “ជនជាតិរុស្ស៊ី” ក្នុងភាសារុស្ស៊ី ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី