Herrera បង្ហាញមូលហេតុដែលចាកចេញពីក្លឹប Man Utd ស្ដាប់ហើយធ្វើឱ្យហ្វេនមានអារម្មណ៍ក្ដុកក្ដួល

5483

Ander Herrera នឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ក្រោយពីលេងនៅក្លឹបនេះអស់រយៈពេល ៥ ឆ្នាំ ។ ក្លឹប Manchester United បានប្រកាសពីការចាកចេញរបស់កីឡាកររូបនេះដោយប្រើវីដេអូខ្លីមួយតាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី ១១ ខែឧសភា ដែលក្នុងវីដេអូនេះ Herrera បានជជែកអំពីបទពិសោធន៍របស់គេនៅទឹកដី Old Traford ។

Herrera បាននិយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបបិសាចក្រហម Manchester United ថា៖ ” និយាយតាមត្រង់ទៅ ខណៈនេះជាពេលវេលាមួយដ៏គួរឱ្យសោកសង្រេង ព្រោះខ្ញុំរីករាយនឹងពេលវេលា ៥ ឆ្នាំនៅក្លឹបនេះ ប៉ុន្តែខ្ញុំសូមប្រកាសថា ខ្ញុំបានសម្រេចចិត្តចាកចេញហើយរដូវកាលក្រោយ ខ្ញុំមិនមែនជាកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United តទៅទៀតនោះទេ ” ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបន្តថា៖ ” ត្រូវហើយ ខ្ញុំមានសារមួយចង់ផ្ញើជូនអ្នកគាំទ្រក្រុមបិសាចក្រហម ព្រោះពួកគេសំខាន់ណាស់ចំពោះខ្ញុំ ។ ខ្ញុំមានរឿងជាច្រើនដែលត្រូវអរគុណដល់ពួកគេ អរគុណចំពោះក្ដីស្រឡាញ់ និងការគាំទ្រ ។ ដូចខ្ញុំបាននិយាយពីមុនអញ្ចឹងនេះជាថ្ងៃមួយដ៏ពិបាកហើយមិនមែនជាការសម្រេចចិត្តមួយដ៏ងាយស្រួលនោះទេ ប៉ុន្តែក្នុងការរស់នៅមានពេលខ្លះ យើងត្រូវធ្វើការសម្រេចចិត្ត ។ ជួនកាលពេលវេលាមិនស័ក្ដិសម ហើយយើងត្រូវឈានទៅមុខបន្តទៀត ។ ខ្ញុំមិនចង់សោយសៅនោះទេ ខ្ញុំចង់អរគុណដល់អ្នកគាំទ្រទាំងអស់ចំពោះអ្វីដែលពួកគេបានផ្ដល់ឱ្យខ្ញុំក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមកនេះ ។ ខ្ញុំរីករាយណាស់ដែលបានលេងក្នុងក្រុម Manchester United ដែលបានតំណាងឱ្យក្រុមមួយនេះ ” ។

កីឡាករ Ander Herrera នៅមិនទាន់ប្រកាសពីគោលដៅរបស់របស់គេនៅឡើយទេ ។ ប៉ុន្តែមានសេចក្ដីរាយការណ៍ថា គេនឹងផ្ទេរទៅក្លឹបយក្សរបស់បារាំង Paris Saint Germain ក្រោយពេលដែលមិនបានឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយក្លឹបបិសាចក្រហម Manchester United ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី