ឯ.ឧ ថោង ខុន ស្នើឱ្យភាគីចិនបន្តជួយបង្ហាត់ការគ្រប់គ្រងពហុកីឡដ្ឋានជាតិ មរតកតេជោ រហូតដល់ចប់ស៊ីហ្គេមឆ្នាំ២០២៣

20399

ឯកឧត្តម ថោង ខុន ស្នើសុំឱ្យខាងភាគីចិន បន្តជួយបង្ហាត់បង្រៀនពីបច្ចេកទេសការគ្រប់គ្រង ពហុកីឡដ្ឋានជាតិ មរតកតេជោ រហូតដល់ចប់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការស្នើសុំនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះត្រួតពិនិត្យ ដំណើរការសាងសង់ពហុកីឡដ្ឋាន កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ ។

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ បានសម្តែងសេចក្តីរីករាយ ក្នុងការចូលរួមពិធីអបអរនៃការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់អាគារពហុកីឡដ្ឋានធំ ( Mai Stadium) ហើយបានសំដែងការអរគុណចំពោះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងសមាជិកគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ។ ឯកឧត្តម ថោង ខុន បន្តថា ជានិច្ចជាកាលគណៈកម្មការបច្ចេកទេសកម្ពុជា តែងជួបប្រជុំពិភាក្សាការងារជាមួយគ្នាជាប្រចាំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកភាគីចិន (ក្រុមហ៊ុនសាងសង់) ទាំងផ្នែកការងាររដ្ឋបាលក៏ដូចជាការងារបច្ចេកទេស ក្នុងស្មារតីសាមគ្គីភាព រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ។

ប្រធានគណៈកម្មការបច្ចេកទេស រូបនេះបញ្ជាក់ថា ការដ្ឋានសាងសង់នេះ និងចំណាយរយៈពេលសាងសង់សរុបប្រមាណ ៤០ ខែទៀត ពោលគឺនៅចុងឆ្នាំ ២០២០ ជាគោលការណ៍រួមរបស់គណៈកម្មការបច្ចេកទេសកម្ពុជា ស្នើសុំជំរុញការងារសាងសង់ឲ្យបានលឿន ទាន់ពេលវេលាតាមការកំណត់ យ៉ាងតិចកម្ពុជាត្រូវការរយៈពេលពីរឆ្នាំសម្រាប់ត្រៀមលក្ខណៈសម្បត្តិ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ាន Sea Game ឆ្នាំ ២០២៣ ។ ក្នុងនាមគណៈកម្មការបច្ចេកទេស ឯកឧត្តមសូមកោតសរសើរ និងលើកទឹកចិត្តចំពោះភាគីទាំងអស់ សូមបន្តជួបពិភាក្សា មានរបបប្រជុំជាប្រចាំ និងមានរបាយការណ៍ជាទៀងទាត់អំពីវឌ្ឍនភាពនៃដំណើរការសាងសង់ពហុកីឡាដ្ឋានជាតិនេះ ។

គួររំលឹកថា ពហុកីឡាដ្ឋានជាតិមរតកតេជោបានបើកដំណើរការសាងសង់ជាផ្លូវការ ដំណាក់កាលទី២ (main stadium) កាលពីថ្ងៃទី ៤ ខែមេសាឆ្នាំ ២០១៧ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុង ប៉រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
សូមជម្រាបថា គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ មកដល់ថ្ងៃនេះបានចំណាយពេលវេលាប្រមាណ ២០ ខែកន្លងមកហើយដែលសម្រេចបានការងារជាច្រើនដូចជា៖
– ដំណើរការសាងសង់ពហុកីឡដ្ឋានសម្រេចបានលទ្ធផលប្រមាណ ៥០ ភាគរយ ។
– ការដំឡើងថាសបង្គំកៅអីប៉េតុងអង្គុយបានប្រមាណ ៧០ ភាគរយ ។
– ចំពោះសម្ភារៈបរិក្ខារសំណង់ សម្រាប់ប្រើប្រាស់បម្រើការងារសាងសង់គ្រឿងបង្គុំរួម (Main Structure) គឺបាននាំចូលមកដល់ការដ្ឋានមួយរយភាគរយហើយនៅឡើយតែសម្ភារៈបំពាក់ដែរនឹងស្នើសុំបាទបទនាំចូលជាបន្តបន្ទាប់ ។
– ចំពោះកម្លាំងពលកម្មសរុបប្រមាណ ៨០០ នាក់ ដែលក្នុងនោះការងារសាងសង់ (ភាគីចិន) កម្មករជំនាញប្រមាណ ៥៤០ នាក់ នឹងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកចំនួនប្រមាណ ៣០០ នាក់ ។
– តាមផែនការសកម្មភាពការងារនៅក្នុងខែកក្កដាខាងមុខនេះ ថាសកៅអីបេតុង និងត្រូវលើកដាក់ចប់សព្វគ្រប់ហើយនៅខែសីហា គ្រឿងបង្គុំធ្នឹមកោងផ្នែកផងរៀងបាតដៃ នឹងត្រូវសាងសង់រួចរាល់ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី