ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅចិន

44518
  • តបតាមការយាងអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ីជីនពីង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៩ នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន ។

    យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅចំណតអាកាសយានដ្ផានអន្តរជាតិភ្នំពេញរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង, សម្តេចវិជ័យសេនា ទៀ បាញ់ និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស ជាច្រើនរូបផងដែរ។ ព្រះអង្គ នឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី ១៦ ខែឧសភា ក្រោយបញ្ចប់វេទិកា ។ ក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

    សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ ២០១៥។ លោកប្រធានាធិបតី បានលើកឡើងថា ការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានា  ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ ។ ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតី កាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង ។ កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា ។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

    កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងរៀបចំប្រារព្វបើក រួមទាំងមានវេទិកាតូចៗចំនួនប្រាំមួយទៀត ស្តីពីប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ីនិងការយល់ដឹងពីគ្នាទៅវិញទៅមក ហើយប្រទេសចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងពិព័រណ៍វប្បធម៌អាស៊ី វេទិកាប្រចាំសប្តាហ៍អរិយធម៌អាស៊ី ពិធីបុណ្យអាហារអាស៊ីនិងសកម្មភាពដទៃទៀតផងដែរ ។ សន្និសីទនេះនឹងអញ្ជើញមេដឹកនាំនយោបាយមកពីអាស៊ី បណ្តាប្រទេសដទៃទៀត ប្រធានអង្គការអន្តរជាតិ ដែលពាក់ព័ន្ធ និងអ្នកតំណាងមកពីគ្រប់ផ្នែកនៃមនុស្សជាតិដើម្បីចូលរួមផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី