អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសទិញអាវុធច្រើនជាងគេបំផុតលើលោកចាប់ពីឆ្នំា ២០១៤ ដល់ឆ្នំា ២០១៨

14844

សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត បានក្លាយជាប្រទេសនាំចូលអាវុធដ៏ធំបំផុតនៅក្នុងពិភពលោកចាប់តំាងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា អារ៉ាប៊ីសាអូឌីត ក៏ជាម៉ូយទិញអាវុធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកផងដែរ ដោយគិតពីចន្លោះឆ្នាំ ២០១៤ និង ២០១៨ ទីក្រុងរីយ៉ាដ ទទួលបាន ២២ ភាគរយ នៃអាវុធដែលសហរដ្ឋអាមេរិកនាំចេញទៅកាន់ពិភពលោក ខណៈចន្លោះពីឆ្នាំ ២០០៩ និង ២០១៣ ស្ថិតក្នុងអត្រាតែ ៤.៩ ភាគរយប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ក្នុងចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៨ ដដែល អារ៉ាប៊ីសាអូឌីត ទទួលបានយន្ដហោះចម្បាំង ៥៦ គ្រឿងពីសហរដ្ឋអាមេរិក និង ៣៨ គ្រឿងពី ចក្រភពអង់គ្លេស ។

បើតាមវិទ្យាស្ថានខាងលើ លំហូរចូលអាវុធទៅកាន់តំបន់មជ្ឈិមបូព៌ាមានការកើនឡើងទ្វេដងក្នុងរយៈពេល ០៥ ឆ្នាំចុងក្រោយនេះ ដោយសារតែតំបន់នោះ ជាតំបន់ដែលបានកើតមានសង្គ្រាមរាប់ទសវត្សរ៍ មានដូចជា បដិវត្តន៍នៅតំបន់អាហ្វ្រិកខាងជើងដែលស្ថិតនៅក្បែរខាង សង្គ្រាមនៅស៊ីរី ការគំរាមកំហែងដោយក្រុមភេរវករ ISIS រួមទាំងការប្រជែងគ្នារវាងសម្ព័ន្ធមិត្តរុស្ស៊ី និងអាមេរិក នៅក្នុងការអភិវឌ្ឍវិស័យការពារប្រទេសជាដើម ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី