
នាយកអង្គការ NASA លោក Jim Bridenstine បានអះអាងថា លោក ដូណាល់ ត្រាំ បានអនុម័តលើកញ្ចប់ថវិកា ១.៦ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ក្នុងគោលបំណងជួយជម្រុញកិច្ចខិតខំប្រឹងប្រែងបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។
លោក Jim Bridenstine បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ភារកិច្ចដល់ទីភ្នាក់ងាររបស់លោក ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទត្រឹមឆ្នាំ ២០២៤ ហើយឥលូវនេះ លោក ត្រាំ បានអនុម័តលើកញ្ចប់ថវិកាបន្ថែម ១.៦ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ។
នាយកអង្គការអវកាសអាមេរិករូបនេះបានគូសបញ្ជាក់ថា កញ្ចប់ថវិកានេះ នឹងជួយពន្លឿនការអភិវឌ្ឍប្រព័ន្ធយានបាញ់ទៅកាន់ទីអវកាស និងប្រព័ន្ធនាំមនុស្សទៅចុះចតលើឋានព្រះចន្ទ ហើយថា វាក៏នឹងជួយដល់ការអភិវឌ្ឍរ៉ូបូតរុករកនៅលើឋានព្រះចន្ទផងដែរ ៕
ដោយ៖ បូណា