ការឈ្នះមេដាយពីប្រទេសចិន គឺជាកត្តាវិជ្ជមានឆ្ពោះទៅដណ្តើមមេដាយនៅអាស៊ាន-ប៉ារ៉ាហ្គេម ប្រទេសហ្វីលីពីន

8887

ការឈ្នះមេដាយ ៣ គ្រឿងពីព្រឹត្តិការណ៍ Beijing 2019 World Para Athletics Grand Prix The 7th Open Athletics Championship នៅសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា NPCC បានបញ្ជាក់ថា ជាកត្តាវិជ្ជមានឆ្ពោះទៅដណ្តើមមេដាយ នៅអាស៊ានប៉ារ៉ាហ្គេម នាប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ។

ការថ្លែងបែបនេះ ក្រោយវិលត្រលប់មកដល់មាតុប្រទេស កាលយប់ថ្ងៃទី ១៣ ខែឧសភា ជាមួយនឹងភាពជោគជ័យគួរជាទីមោទនៈ ដោយលោក យី សុភក្ត្រា បានអះអាងថា វិញ្ញសារត់ប្រណាំងជនពិការភ្នែកនេះ អាចមានឱកាសឈ្នះមេដាយច្រើន ពីអាស៊ានប៉ារ៉ាហ្គេម ដ្បិតបទពិសោធន៍នៅចិនកន្លងមកនេះ កម្ពុជាបាន យកប្រៀបលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដូចជា វៀតណាម និងថៃជាដើម ។ សមិទ្ធផលនេះ ធ្វើឱ្យថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពប្រភេទវិញ្ញាសារត់ប្រណាំងជនពិការភ្នែកបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីននាខាងមុខនេះ ។

ម្ចាស់មេដាយ ៣ គ្រឿង យិន សូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែជ្រោមជ្រែងលើកទឹកចិត្ត និងផ្តល់ឪកាសឱ្យជនពិការអាចចូលរួមប្រកួតប្រជែងជាលក្ខណៈជាតិ និងអន្តរជាតិ ។
សូមបញ្ជាក់ថា យិន សូត គឺជាកីឡាការិនីជនពិការភ្នែកទាំងសងខាងដំបូងគេរបស់កម្ពុជា ដែល ដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដោយដណ្តើមបានមេដាយ ៣ គ្រឿង រួមមាន ប្រាក់១ និងសំរឹទ្ធ ២ គ្រឿង លើវិញ្ញាសារត់ ១០០ , ២០០ និង ៤០០ ម៉ែត្រ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី