ខេត្តកណ្តាលបើកយុទ្ធនាការជ្រើសរើសកីឡាករ កីឡាការិនីបាល់ទាត់ថ្នាលប្រកបដោយគុណភាពត្រៀមការប្រកួតនានា

25759
  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល បានជ្រើសរើស ៥ សាលា យកមកធ្វើតេស្តស្វែងរកកីឡាករ កីឡាការិនីថ្នាល ត្រៀមប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជន អាយុក្រោម ១៣ ឆ្នាំ ទូទាំងប្រទេស ឆ្នាំ ២០១៩ ជាពិសេសស្វែងរកបាននូវធនធានថ្នាលប្រកបដោយគុណភាពសម្រាប់ការប្រកួតនានា ។

    លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ថា ការសាកល្បងបច្ចេកទេសយុវជននេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន ១២០ នាក់ មកពីសាលាបឋមសិក្សា អនុវត្ត ប៊ុន រ៉ានី ហ៊ុន សែន , សាលាបឋមសិក្សា ក្រុងតាខ្មៅ , សាលាបឋមសិក្សា ព្រែកសំរោង , សាលាបឋមសិក្សា ព្រែកឫស្សី និងសាលាបឋមសិក្សាក្រពើហារ ។ ការសាកល្បង បច្ចេកទេសនេះផ្តោតសំខាន់ទៅលើការទាត់បញ្ជូលទី ការបណ្តើរបាល់ ការបោះបាល់ ដើម្បីឲ្យក្មេងៗបានយល់ ពីកីឡាបាល់ទាត់ ។ លោកអះអាងទៀតថា ការសាកល្បងពេលនេះទទួលបានការគាំទ្រ សហការបច្ចេកទេស ព្រមទាំងផ្តល់ការឧបត្ថម្ភទាំងស្រុងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ បន្ទាប់ពីជ្រើសរើសបានកីឡាករ កីឡាការិនី ដែលមានបច្ចេកទេសល្អៗ រួចហើយមន្ទីរអប់រំខេត្តកណ្តាលនឹងរៀបចំការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិទូទាំងប្រទេស ប្រចាំឆ្នាំ ២០១៩ ។
    ប្រធានការិយាល័យរូបនេះបញ្ចាក់ទៀតថា បន្ទាប់ពីការសាកល្បងនេះតទៅ យើងនឹងរៀបចំបំផុសស្មារតីកីឡាបាល់ទាត់ដល់សាលានានា នៅទីក្រុងតាខ្មៅជាបន្តបន្ទាប់ទៀត ដើម្បីផ្តល់ឱកាសឲ្យយុវជននានា បានចូលរួមក្នុងសកម្មភាពកីឡា នៅខេត្តកណ្តាលកាន់តែផុសផុលឡើងបន្ថែមទៀត ជាពិសេសគឺបំផុសឲ្យពួកគាត់បានស្វែងយល់ពីការលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពឲ្យកាន់តែល្អប្រសើរ ជាពិសេសស្វែងរកបាននូវធនធានថ្នាលប្រកបដោយគុណភាព សម្រាប់ការប្រកួត នានាផងដែរ ។

    លោក ពៅ វណ្ណា ក៏បានជំរុញឱ្យសាលាគោលដៅទាំងអស់នៅក្នុងក្រុងតាខ្មៅ បង្កើតទីលានបាល់ទាត់ហ្វូតសាល និងទីលានកីឡាផ្សេងៗ ដើម្បីជំរុញវិស័យកីឡាថ្នាល ឱ្យមានសកម្មភាព ងាយស្រួលស្វែងរកអត្តពលិកប្រកបដោយគុណភាពពិតៗ ត្រៀមប្រកួតតំណាងឱ្យខេត្ត ជាពិសេសតំណាងឱ្យកម្ពុជា ដណ្តើមបានមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី