ឡៅ ចិត្រា មានមហិច្ឆតាដណ្តើមមេដាយជូនកម្ពុជាម្តងទៀត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន

36933
  • ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ហើយកំពុងមានឈ្មោះល្បីល្បាញនៅកម្ពុជា កីឡាករប្រដាល់គុនខ្មែរ ឡៅ ចិត្រា មានមហិច្ឆតាចង់ដណ្តើមមេដាយជូនកម្ពុជាម្តងទៀត នៅស៊ីហ្គេម លើកទី៣០ នៅប្រទេស ហ្វីលីពីន ។

    ការថ្លែងយ៉ាងដូច្នេះ នៅមជ្ឈមណ្ឌលហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ អ្នកប្រដាល់វ័យក្មេង អះអាងថា នេះជាលើកទី៣ ហើយ ដែលខ្លួនជាប់ជាជម្រើសជាតិ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមប្រជែងដណ្តើមមេដាយ នៅប្រទេស ហ្វីលីពីន នាអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ចិត្រា បន្តថា មុនជាប់ជាជម្រើសជាតិ រូបគេបានឆ្លងកាត់ការប្រកួតជើងឯកថ្នាក់ជាតិ ដោយដណ្តើមបានមេដាយមាស ក្នុងចំណោមកីឡាករខ្លាំងៗ របស់កម្ពុជាជាច្រើនរូប ។ កីឡាករ វ័យ ២០ ឆ្នាំរូបនេះ បានបង្ហាញជំនឿចិត្តខ្ពស់ជាងមុន បន្ទាប់ពីធ្វើការហ្វឹកហាត់ត្រៀមយ៉ាងល្អ និងមានបទពិសោធន៍ច្រើនពីការប្រកួតកម្រិតអន្តរជាតិ ជាពិសេស នៅស៊ីហ្គេម ផ្ទាល់តែម្តង ។

    សូមបញ្ជាក់ថា កីឡាករ ឡៅ ចិត្រា គឺជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូប ដែលកំពុងមានឈ្មោះនៅកម្ពុជា ហើយធ្លាប់ផ្តួលកីឡាករបរទេស ជាច្រើននៅសង្វៀន ក្នុងស្រុក និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍បច្ចុប្បន្ន ។ បច្ចុប្បន្ន ម្ចាស់មេដាយសំរិទ្ធ ឡៅ ចិត្រា កំពុងហ្វឹកហាត់សម្រួចសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយឱ្យកម្ពុជាម្តងទៀត ពីការប្រកួតកីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពីននាអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី