ប្រធានក្លឹប Barca បញ្ជាក់ហើយថា លោក Valverde នឹងបន្តដឹកនាំនារដូវកាលក្រោយ ទោះធ្វើមិនល្អនៅ UCL

12772
  • ប្រធានក្លឹប FC Barcelona គឺលោក Josep Maria Bartomeu បានអះអាងថា អ្នកចាត់ការលោក Ernesto Valverde នឹងបន្តដឹកនាំក្លឹបយក្សរបស់អេស្ប៉ាញនេះក្នុងរដូវកាល ២០១៩/២០២០ ខាងមុខនេះបន្តទៀត ។

    លោក Valverde នឹងដឹកនាំ Barcelona ប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey តទល់ជាមួយនឹងក្រុមក្រចៀវខ្មៅ Valencia បន្ទាប់ពីបានគ្រងតំណែងជើងឯកពានលីគកំពូលអេស្ប៉ាញ ( La Liga ) រួចមក ។ ប៉ុន្តែថ្វីបើបានបន្តកុងត្រារហូតដល់រដូវកាលក្រោយតាំងពីខែកុម្ភៈហើយក៏ដោយ នៅតែមានសំណួរមួយចំនួនបានចោតឡើងពាក់ព័ន្ធនឹងអនាគតរបស់គ្រូបង្វឹករូបនេះ ក្រោយពេល Barcelona បានធ្លាក់ចេញពីការប្រកួត UEFA Champions League ក្រោមថ្វីជើងក្រុមហងក្រហម Liverpool ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្ទើរមិនគួរឱ្យជឿ ។

    ទោះបីជាលោក Ronald Koeman និងអ្នកចាត់ការក្រុម Ajax គឺលោក Erik Ten Hag មានព័ត៌មានថាអាចមកជំនួសរូបលោក Valvered ក៏ដោយក៏លោក Bartomeu បាននៅតែគាំទ្រលោក Valverde ដដែល ។ ប្រធានក្លឹបរូបនេះបាននិយាយថា៖ ” ផែនការសម្រាប់រដូវកាលក្រោយបានកំណត់រួចហើយ ។ លោក Valverde ជាអ្នកចាត់ការដែលយើងចង់បាន ” ។

    លោក Bartomeu បានក៏បានបញ្ជាក់ផងដែរថា ទោះបីជា Barcelona មិនបានឈ្នះពានរង្វាន់ Copa Del Rey ដោយចាញ់ក្រោមថ្វីជើងក្រុម Valencia នៅទីក្រុង Seville នាថ្ងៃទី ២៥ ខែឧសភា នេះក៏ដោយក៏មិនប៉ះពាល់ដល់អនាគតរបស់លោក Valverde ក្នុងការដឹកនាំក្រុមអ្នកមានបុណ្យ FC Barcelona បន្តដែរ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី