ត្រឹមរយះពេលដ៏ខ្លីប៉ុណ្ណោះ ម៉ូលីកា អាចបើកហាងតម្លៃជាង ១០ ម៉ឺនដុល្លារនិងទិញរថយន្តតម្លៃ ៧ ម៉ឺនដុល្លារ បាន

11371

អតីតតារាចម្រៀងប្រចាំនៅផលិតកម្ម Rock ដែលមានឈ្មោះ ម៉ូលីកា ធ្លាប់តែទទួលបានពាក្យប្រមាថមើលងាយពីសំណាក់អ្នកជុំវិញខ្លួនដោយសារខ្លួនធ្លាប់ក្រខ្សត់ តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានខំប្រឹងប្រែងរកស៊ីរហូតទទួលបានជោគជ័យមានទាំងផ្ទះ មានទាំងមុខរបររកស៊ីមានលុយចាយហើយថ្មីៗនេះនាងទើបតែទិញរថយន្ត Lexus RX 450h ដែលមានតម្លៃជាង ៧ ម៉ឺនដុល្លារដើម្បីបង្អួតអ្នកដែលធ្លាប់មើលងាយលើជីវិតនាងផងដែរ ។

កាលពីប៉ុន្មានខែមុន ម៉ូលីកា បានបើកហាងលក់ផលិតផលថែរក្សាសម្រស់ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារដែលធ្វើឱ្យម្នាក់ៗបើកភ្នែកធំៗមើលនាងគ្រប់ៗគ្នា ព្រោះតែមិនជឿថាក្នុងមួយរយៈពេលសោះនាងរកស៊ីឡើងលឿនមិនគួរឱ្យជឿរហូតមានអ្នកខ្លះឆ្ងល់ថា តើមានបានលុយពីណាច្រើនក្នុងការយកទៅបើករបររកស៊ីធំបែបនេះ ។ ទោះជាយ៉ាងនេះក្តី ម៉ូលីកា ធ្លាប់បានបញ្ជាក់ប្រាប់ថា ” ប្រាក់ដែលនាងយកទៅបើកហាងគឺជាប្រាក់ដែលនាងខំប្រឹងប្រែងរកស៊ីជាយូមកហើយ ” ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថ្មីៗនេះ ម៉ូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅមុខរថយន្តថ្មីរបស់ខ្លួនដែលទើបនឹងទិញដែលមានម៉ាក់ Lexus RX 450h ដែលមានតម្លៃប្រមាណជាង ៧ ម៉ឺនដុល្លារ ។ ជាមួយការបង្ហាញនោះ  ម៉ូលីកា ក៏បាននិយាយផងដែរថា៖ ” ពេលខ្លះខ្ញុំក៏សូមអរគុណអ្នកមើលងាយទាំងឡាយដែលបានផ្លាស់ប្តូរជីវិតខ្ញុំឱ្យកាន់តែប្រសើរឡើង ” ។

ម៉ូលីកា បានឱ្យដឹងផងដែរថា នាងទិញរថយន្តថ្មីដើម្បីជាកាដូលួងចិត្តខ្លួនឯងមិនមែនដើម្បីបង្អួតនរណាម្នាក់ទេ ប្រសិនបើយើងខំប្រឹងប្រែងលើការងារអ្វីមួយថ្ងៃណាមួយយើងនឹងជោគជ័យ សូមកុំមើលងាយអ្នកដែលអន់ជាងខ្លួន ។ មិនធម្មតាទេត្រឹមតែរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ម៉ូលីកា ខំប្រឹងប្រែងរហូតក្លាយទៅជាថៅកែហាង «ម៉ូលីកា ខូស្មិកទិក» មានប្រាក់កាន់ពេញដៃមានសម្ភារៈទំនើបៗប្រើប្រាស់ថែមទាំងទើបតែទិញរថយន្តថ្មីប្រណិតជិះយ៉ាងសង្ហានរណាៗក៏លាន់មាត់សរសើរដែរ ។ ស្របពេលដែលជីវិតរកស៊ីកំពុងជោគជ័យ ម៉ូលីកា ក៏មិនភ្លេចពីរឿងរៀបការនោះទេនាងបានបង្ហើបប្រាប់ថា នាងនិងគូស្នេហ៍មានគម្រោងនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខហើយ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី