Zidane ព្រមានចាកចេញពី Real Madrid ជាលើកទី ២ ប្រសិនបើប្រធានក្លឹបមិនព្រមកែចរិក

5890

លោក Zinedine Zidane បានព្រមានក្លឹប Real Madrid ថា លោកមិនស្ទាក់ស្ទើរក្នុងការលាឈប់ម្ដងទៀតនោះទេ ប្រសិនបើថ្នាក់លើលូកដៃចូលក្នុងការជ្រើសរើសកីឡាកររបស់លោក ។

បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននៅប្រទេសអេស្ប៉ាញនៅរដូវកាលក្រោយលោក Zidane បានត្រៀមដាក់កូនប្រុសរបស់លោកគឺ Luca ឱ្យធ្វើជាអ្នកចាំទីជម្រើសទី ២ បន្ទាប់ពីអ្នកចាំទី Thibaut Courtois ហើយអ្នកចាំទី Keylor Navas ដែលធ្លាប់ជាអ្នកចាំទីជម្រើសទី ១ ជាយូរមកហើយនោះអាចនឹងចាកចេញ ។ បញ្ហានេះកាន់តែស្មុគស្មាញនៅពេលដែលមានការមិនទុកចិត្តចំពោះសមត្ថភាពរបស់ Luca ( កូនប្រុសរបស់លោក Zidane ) ដែលទើបតែបង្ហាញខ្លួនចូលលេងបាន ២ ដងប៉ុណ្ណោះ ក្នុងលីគកំពូលអេស្ប៉ាញ ។ បន្ថែមលើនេះទៅទៀតសារព័ត៌មានអេស្ប៉ាញ Marca បានលើកឡើងថា សម្រាប់អ្នកចាំទីជម្រើសទី ២ របស់ Real Madrid រដ្ឋបាលក្លឹបចង់បានអ្នកចាំទីវ័យ ២០ ឆ្នាំឈ្មោះ Andriy Lunin ដែលបច្ចុប្បន្នត្រូវបានខ្ចីទៅលេងនៅក្លឹប Leganes ។

ការលូកដៃរបស់រដ្ឋបាលក្លឹបរបស់ក្លិប Real Madrid ត្រូវបានលើកឡើងថា ជាកត្តាមួយដែលជំរុញឱ្យមានការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Zidane បានកាលពីចុងរដូវកាលមុន ។ ទោះជាយ៉ាងណាលោកបានវិលត្រលប់មកកាន់តួនាទីនេះដូចដើមវិញកាលពីខែមីនាក៏ពិតមែន ក៏អ្នកចាត់ការរូបនេះមិនស្ទាក់ស្ទើរនឹងធ្វើការសម្រេចចិត្តចាកចេញដូចគ្នានេះម្ដងទៀតឡើយ ។

លោក Zidane បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលថា៖ ” ខ្ញុំនឹងប្រាប់អ្នកនៅរដូវកាលក្រោយថា អ្នកណានឹង ធ្វើជាអ្នកចាំទីជម្រើសទី ១ ហើយអ្នកណាជាអ្នកចាំទីជម្រើសទី ២ ។ ត្រូវហើយការសម្រេចចិត្តនេះនឹងជាការសម្រេចចិត្តរបស់ខ្ញុំ ។ តើអ្នកគិតថាអ្នកណាត្រូវសម្រេចចិត្តសម្រាប់ក្រុមមួយនេះ? ចម្លើយគឺច្បាស់លាស់ដូចទឹកថ្លាអញ្ចឹង ។ ខ្ញុំគឺជាអ្នកចាត់ការក្លឹប ហើយខ្ញុំនឹងធ្វើការសម្រេចចិត្តបើមិនអញ្ចឹងទេ ខ្ញុំនឹងចាកចេញ ” ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបន្តថា៖ ” ខ្ញុំចង់និយាយពីការជ្រើសរើសសមាជិកក្រុម ។ ចំពោះការដោះដូរកីឡាករនៅមានអ្នកផ្សេងទៀតដែលត្រូវគិតពីរឿងនេះដែរ គឺយើងពិគ្រោះ និង សម្រេចចិត្តជាមួយគ្នា ។ ប៉ុន្តែចំពោះការជ្រើសរើសសមាជិកក្រុមអ្នកណាត្រូវចូល អ្នកណាត្រូវចេញ ជាការសម្រេចចិត្តរបស់ខ្ញុំ ជាមួយក្រុមការងារគ្រូបង្វឹករបស់ខ្ញុំ ” ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី