ព្រឹត្តិការណ៍វាយកូនគោល «ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង» គឺដើម្បីអបអរខួបទី៧៤ នៃការបង្កើតកម្លាំងនគរបាលជាតិ

26314
  • សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅព្រឹកថ្ងៃទី ១៩ ខែឧសភានេះ បានរៀបចំព្រឹត្តិការណ៍វាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍ទី ៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ ) នៅទីលានវាយកូនហ្គោល Grand Phnom Penh ។

    ជាមួយនឹងការរៀបចំពានរង្វាន់របស់ថ្នាក់ដឹកនាំ ដែលបង្កប់ដោយអត្ថន័យនេះ គេឃើញមានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើន បានចូលរួមប្រកួត រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ជាដើម ។

    តាមការបញ្ជាក់របស់គណៈកម្មការ ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងរំលឹកនូវគុណូបការៈដល់កម្លាំងនគរបាលជាតិ ដែលបានកសាងស្នាដៃ សមិទ្ធផលវីរភាពដ៏ឧត្តុងឧត្តម និងជាគំរូសម្រាប់នគរបាលជាតិជំនាន់ក្រោយ ក្នុងការរួមចំនែកធ្វើឲ្យប្រទេសជាតិមានសន្ដិភាព ស្ថិតភាព នយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃដំណើរការរបស់ស្ថាប័នរដ្ឋ និងសង្គម ដែលជាបុព្វបទដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យសម្រេចបាននូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ។

    ការប្រកួតនេះដែរ នឹងប្រព្រឹត្តធ្វើឡើងតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីទូត និងកីឡាករជាតិ-អន្ដរជាតិប្រមាណជិត ២០០ នាក់ចូលរួម ហើយបែងចែកការប្រកួតជា ៣ ផ្នែក ទី១៖ ប្រកួតជាក្រុមមាន ៧២ នាក់, ទី២៖ ប្រកួតជាឯកត្តជន មាន ៨៦ នាក់ចូលរួម និងទី៣៖ ប្រកួតផ្នែកនារី មានកីឡាការិនី ២១ នាក់ចូលរួម ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី