ចិនអំពាវនាវឱ្យប្រជាជនខ្លួនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទនិងផលិតផលក្រុមហ៊ុន Apple របស់សហរដ្ឋអាមេរិក

6557

ប្រជាជនចិនទាំងឡាយទទួលបានបំផុសមួយ ដែលមានគោលដៅបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Apple ជាពិសេសទូរស័ព្ទ iPhone បន្ទាប់ពីមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង ចិន និង សហរដ្ឋអាមេរិក បានឈានដល់ការដាក់ចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន ។

អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo បានបញ្ចេញប្រតិកម្មបែបនេះ ក្នុងគ្រាដែលអត្រានៃការលក់ផលិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ទៅ ២០ ភាគរយរួចទៅហើយ កាលពីអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណឃើញថា Apple នឹងរងគ្រោះកាន់តែធ្ងន់ថែមទៀត ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តអូសបន្លាយ ។

ហើយប្រតិកម្មរបស់ប្រជាជនចិនខាងលើនេះទៀតសោត បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធសប្តាហ៍មុន ដែលហាមក្រុមហ៊ុនអាមេរិកដំឡើងឧបករណ៍របស់បរទេស ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមក្រុមហ៊ុនចិនពីការទិញយកសិទ្ធិបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាល ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី